រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋចំនួន១៤៥គ្រួសារ ក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។

  • 380
  • ដោយ Admin

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីចែកជូននូវអំណោយជាគ្រឿង ឧបភោគ បរិភោគ ដល់គ្រួសារដែលមានជីវិភាពខ្វះខាត ចាស់ជរា បាត់បង់សមត្ថភាពការងារ ចំនួន១៤៥ គ្រួសារ ដែលអញ្ជើញមកពី ៦ភូមិ នៅក្នុងឃុំ វិហារសួគ៌ ស្រុកខ្សាច់កណ្តាល ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃសៅរ៍ ១១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងបរិវេណវត្តព្រះវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។

ក្នុងពិធីនេះដែរមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះពុទ្ធឃោសាចារ្យ ស ប៊ុនណា ព្រះបាឡាត់គណខេត្តកណ្តាល និងជាព្រះអនុគណក្រុងតាខ្មៅ ព្រះតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះឧត្តមមុនី ជា សំអាង សម្តេចព្រះមេគណ ខេត្តកណ្តាល ព្រះមន្ត្រីសង្ឃស្រុកតាមឋានានុក្រម ព្រះគ្រូចៅអធិការវត្តទាំង៤១​ក្នុងស្រុកខ្សាច់កណ្តាល លោកស្នងការរង លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំស្រុក មន្រ្តីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ លោកយាយ លោកតា និងប្រជាពលរដ្ឋសរុបប្រមាណ២៥០អង្គ នាក់។

សូមរំលឹកជម្រាបជូនផងដែរថានេះជាលើកទី៥ហើយ ក្នុងឆ្នាំនេះ ដែលគណៈសង្ឃវត្តព្រះវិហារសួគ៌ បានរៀបចំនូវអំណោយដើម្បីចែកជូនញាតិញោមប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ហើយសម្រាប់សម្ភារៈជាគ្រឿងឧបភោគបរិភោគដែលបានរៀបចំនេះគឺព្រះសង្ឃទទួលបានពីពុទ្ធបរិស័ទជិតឆ្ងាយដែលមានសទ្ធាជ្រះថ្លានាំយកមកប្រគេនដល់ព្រះសង្ឃ ហើយគណៈសង្ឃវត្តបានចាត់ចែងនូវសម្ភារៈមួយចំនួនដើម្បីចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតទាំង១៤៥ គ្រួសារក្នុងឱកាសនេះតែម្តង។

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតទាំង១៤៥ គ្រួសារដែលអញ្ជើញចូលរួមក្នុងពិធីនេះមាន៖
១. ភូមិស្វាយមាស ចំនួន ៤៥ គ្រួសារ
២. ភូមិតាកែវ១ ចំនួន ០៥ គ្រួសារ
៣. ភូមិតាកែវ២ ចំនួន ៣៥ គ្រួសារ
៤. ភូមិព្រៃធំ ចំនួន ១៦ គ្រួសារ
៥. ភូមិវិហារសួគ៌ត្បូង ចំនួន ២៨ គ្រួសារ
៦.ភូមិវិហារសួគ៌ជើង ចំនួន ១៦ គ្រួសារ

ចំពោះអំណោយមនុស្សធម៌ដែលគ្រួសារនីមួយៗទទួលបានក្នុងឱកាសនេះ គឺក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខកំប៉ុង១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា៥ម៉ឺនរៀល។

ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម បានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ នឹករលឹកពីសំណាក់សម្តេចទាំងទ្វេរ សូមជម្រុញ និងលើកទឹកចិត្តដល់ ព្រះសង្ឃ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តយកចិត្តទុកដាក់ថែរក្សា សុខភាព អនាម័យ ខ្លួនប្រាណ ជៀសផុតពីជំងឺដំកាត់ផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ ដែលជាបិសាចលាក់មុខដ៏កាចសាហាវគ្មានថ្នាំព្យាបាល ក៏ប៉ុន្តែយើងអាចការពារកុំឱ្យវាឆ្លងពីមនុស្សម្នាក់ ទៅមនុស្សទៀតបាន គឺយើងទាំងអស់គ្នាត្រូវគោរព និងអនុវត្តឱ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺត្រូវពាក់ម៉ាសនៅពេលចេញក្រៅ ឧស្សាហ៍លាងដៃនឹងទឹកសាប៊ូ ឬជែល រក្សាគម្លាតសុវត្ថិភាព យ៉ាងហោច ១ម៉ែត ទៅ ១.៥០ម។

អត្ថបទទាក់ទង