រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អគារការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកលើកដែក ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់

  • 509
  • ដោយ Admin

រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ អគារការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកលើកដែក ខេត្តកណ្តាល។

នាពិធីនេះដែរមានការអញ្ជើញចូលរួមអមដំណើរដោយ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលខេត្ត លោកឧត្តមសេនីយមេបញ្ជាការ បញ្ជាការរងកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការអង្គភាពចំណុះរដ្ឋបាលខេត្តពាក់ព័ន្ធ និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលស្រុកលើកដែក ព្រមទាំងប្រជាពលរដ្ឋចំនួន៣០០នាក់ អញ្ជើញមកពីឃុំព្រែកដាច់ សរុបអ្នកចូលរួមចំនួន ៤០៦នាក់។

សូមជម្រាបជូនផងដែរថា នៅខេត្តកណ្តាល មានអគារការិយាល័យច្រកចេញចូលតែមួយ ចំនួន១០ កំពុងសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការបានមួយចំនួន ដោយឡែកនាថ្ងៃនេះដែរ អគារការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ដែលបានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់នេះ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់រដ្ឋបាលស្រុកលើកដែក អគាថ្មីនេះមានទំហំ១៤x២០ម៉ែត្រ ទទួលម៉ៅការ សាងសង់ដោយក្រុមហ៊ុន គឹម ហ៊ុយអ៊ាង ដោយប្រើប្រាស់កញ្ចប់ថវិការដ្ឋបាលខេត្តអស់ប្រមាណ ៦០០លានរៀល។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម បានស្នើឱ្យក្រុមហ៊ុនសាងសង់ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយផ្តោតតាមស្ដង់ដារបទដ្ឋានបច្ចេកទេស គំនូសប្លង់ ធ្វើយ៉ាងណាធានាឱ្យបានទាំងបរិមាណ ទាំងគុណភាព ជាពិសេសសាងសង់ឱ្យបានទាន់ពេលវេលា ដើម្បីឆាប់ទទួលបាននូវទីកន្លែងដ៏សមស្របសម្រាប់មន្រ្តីយើងបំពេញការងារ និងមានទីកន្លែងសមរម្យដើម្បីបម្រើសេវាជូនដល់ប្រជាពលរដ្ឋយើងឱ្យកាន់តែប្រសើរ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់។

ក្នុងពិធីដ៏វិសេសវិសាលនេះ ឯកឧត្តម បានឧត្ថម្ភដល់អ្នកចូលរួមទាំងអស់ក្នុងម្នាក់ៗថវិកា ២ម៉ឺនរៀល និងសារ៉ុងមួយផងដែរ៕

អត្ថបទទាក់ទង