រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបើកការបោះជំរំយុវជនខេត្តកណ្តាល ឆ្នាំ២០២១ រយៈពេល ៣ថ្ងៃ ៣យប់ ក្រោមប្រធានបទ “យុវជននិងការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺ covid -19”

ខេត្តកណ្ដាល៖ ការវិនិយោគលើយុវជនជាតម្រូវការចាំបាច់ ដើម្បីប្រទេសជាតិ មានធនធានមនុស្ស គ្រប់គ្រាន់សម្រាប់ជាកម្លាំងកសាង និងការពារសង្គមជាតិនាពេលបច្ចុប្បន្ន និងទៅអនាគត នេះជាការលើកឡើងរបស់ លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្រសួង អប់រំ យុវជន និងកីឡា ក្នុងពិធីបើកការបោះជំរំយុវជន ខេត្តកណ្តាល ឆ្នាំ២០២១ ក្រោមប្រធានបទ "យុវជននិងការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺ covid -19" នៅមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគ ហ៊ុន សែន ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកជំទាវបានបន្តថា ការបោះជំរំយុវជន ជាកម្មវិធីអភិវឌ្ឍន៍ និងបង្កើនសកម្មភាពយុវជន ដែលមិនអាចខ្វះបាននៅក្នុងការងារអប់រំ ពីព្រោះការបោះជំរំនេះ ធ្វើឱ្យយុវជនចេះសង្កេត ចេះពិចារណា ដោយបង្កើនស្មារតី ធ្វើការងារជាក្រុម ធ្វើសេចក្តីសម្រេចចិត្តជាសមូហភាព ចេះស្រលាញ់ ថែរក្សានិងការពារបរិស្ថាន និងបុគ្គលប្រកបដោយការទទួលខុសត្រូវ ក្នុងស្មារតីពង្រឹងមិត្តភាព និងសាមគ្គីភាព ជាពិសេសការចូលរួមថែរក្សាសន្តិភាព និងអភិវឌ្ឍសហគមន៍របស់យុវជនផងដែរ។

ថ្លៃងក្នុងពិធីនេះដែរ ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់បន្ថែមថា កម្មវិធីបោះជំរំយុវជនថ្នាក់ខេត្ត ឆ្នាំ២០២១ នាពេលនេះ គឺជាថ្នាលបណ្ដុះបណ្ដាលយុវជនមួយដ៏មានសារៈសំខាន់ និងបានផ្ដល់ឱកាសសម្រាប់ក្មួយៗយកអស់សមត្ថភាព កម្លាំងកាយចិត្ត បទពិសោធន៍របស់ខ្លួន ដើម្បីធ្វើការផ្លាស់ប្ដូរចែករំលែកគ្នាទៅវិញទៅមក សំដៅរួមចំណែកអភិវឌ្ឍន៍បំណិនជីវិត និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឱ្យកាន់តែរីកចម្រើនឡើង ដែលធ្វើឱ្យខ្លួនមានសេចក្ដីព្យាយាមសេចក្តីសង្ឃឹមជឿជាក់ចំពោះខ្លួនឯងកាន់តែខ្លាំងឡើង។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម គីម រិទ្ធី ក៏បានជំរុញនិងលើកទឹកចិត្តយុវជនទាំងអស់ ត្រូវ សម្របខ្លួនរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺ covid -19 ដែលត្រូវបន្តអនុវត្តតាមវិធានសុខាភិបាល ជាពិសេសគឺ ៣កុំ និង៣ការពារ ដែលជាយ័ន្តដ៏ស័ក្កិសិទ្ធិ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ យុវជនត្រូវតែពង្រឹងសាមគ្គីភាពរវាងគ្នានិងគ្នាក្នុងសង្គមឱ្យបានកាន់តែជិតស្និទ្ធ ត្រូវខំរៀនសូត្រត្រូវចេះធ្វើការសិក្សាស្រាវជ្រាវរៀនសូត្រដោយខ្លួនឯងតាមប្រព័ន្ធអនឡាញដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនឱ្យប្រលងជាប់និងមានភាពជោគជ័យនៅថ្ងៃអនាគត។

លោក ចេង សំអុល ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្ដាល បានឱ្យដឹងថា យុវជន​ដែល​បាន​នឹង​កំពុង​ចូលរួម​ក្នុងកម្មវិធី​បោះជំរំ​យុវជនខេត្ត​ឆ្នាំ​២០២១នេះ​ មានចំនួន ១០២នាក់ មកពីបណ្ដាក្រុង-ស្រុកទាំង១១ ក្នុងរយៈពេល៣ថ្ងៃ៣យប់នៃការបោះជំរំនេះ យុវជនទាំងអស់ទទួល​បាន​នូវ​ចំណេះដឹង​ ជំនាញខ្លី បំណិន​ និងបទពិសោធន៍​ សាងសង់ជំរំ ការរស់នៅក្នុងជំរំយុវជនក្នុងបរិបទកូវីដ-១៩ វិធានការ “៣កុំ ៣ការពារ” ការចម្អិនម្ហូបអាហារជាមួយមិត្តភក្តិ។ យុវជនទាំងអស់បានសិក្សាទៅលើមេរៀនសំខាន់ៗចំនួន៥មេរៀន គឺមេរៀនទី១ ប្រវត្តិជំងឺកូវីដ-១៩​ មេរៀនទី២ ក្របខណ្ឌយុទ្ធសាស្ត្រ សិក្សាលើយុទ្ធសាស្ត្រដឹកនាំរបស់រាជរដ្ឋាភិបាលលើការទប់ស្កាត់ជំងឺកូវីដ-១៩ មេរៀនទី៣ យន្តការអនុវត្តស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩ មេរៀនទី៤ ភាពស៊ាំសហគមន៍ប្រឆាំងនឹងជំងឺកូវីដ-១៩ មេរៀនទី៥ ការរៀបចំផែនការសកម្មភាពក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមសហគមន៍ និងតាមសាលារៀន។ #Kimrithy #គីម រិទ្ធី

អត្ថបទទាក់ទង