រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្ដាល ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ប្រតិភូអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់ ពីវឌ្ឍនភាព ប្រព័ន្ធកិច្ចការពារកុមារខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលខេត្តកណ្ដាល ដឹកនាំដោយលោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការកិច្ចការពិគ្រោះយោបល់ស្ត្រីនិងកុមារខេត្ត និងលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ប្រតិភូអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ដឹកនាំដោយឯកឧត្តម ម៉ាសាហ៊ីរ៉ូ មីកាមី ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់ ពីវឌ្ឍនភាព ប្រព័ន្ធកិច្ចការពារកុមារខេត្តកណ្ដាល នៅសាលាខត្តកណ្ដាល។

លោកជំទាវ នួន នារតី បានមានប្រសាសន៍ថា បញ្ហាដែលបង្កឱ្យមានអំពើហិង្សាលើកុមារនៅក្នុងខេត្តកណ្ដាល គឺបណ្ដាលមកពី បញ្ហាក្រីក្រក៏ជាចំណែកមួយចូលរួមក្នុងអំពើហិង្សាផងដែរ ការលែងលះគ្នាឬបែកបាក់នៅក្នុងគ្រួសារ ប្រជាពលរដ្ឋខ្វះការយល់ដឹងអំពីច្បាប់ ការទប់ស្កាត់អំពើហិង្សា និងកិច្ចការពារជនរងគ្រោះ ហើយអាជ្ញាធរបានចុះធ្វើការផ្សព្វផ្សាយ និងអប់រំជាប្រចាំ ហើយពួកគាត់នៅតែមានគំនិតថា កូនរបស់គាត់ គាត់មានសិទ្ធិធ្វើអ្វីៗគ្រប់យ៉ាងទៅលើកូនរបស់គាត់។ ក្នុងនោះដែរក៏មានការប្រើប្រាស់នូវគ្រឿងស្រវឹង និងគ្រឿងញៀនផងដែរ ដែលជាកត្តានាំឱ្យមានអំពើហិង្សាទៅលើកុមារក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

លោកជំទាវ នួន នារតី បានបន្ថែមថា ដើម្បីដឹងថាមានអំពើហិង្សាទៅលើកុមារ គឺដោយមានកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានផ្ទាល់ ពិសេសប្រជាពលរដ្ឋដែលនៅជិត បានរាយការណ៍អំពីអំពើហិង្សាជូនដល់អាជ្ញាធរមានសមត្ថកិច្ច ទើបធ្វើឱ្យមានការអន្តរាគមន៍ និងការជួយសង្គ្រោះបានទាន់ពេលវេលា។

ក្នុងជំនួបនេះដែរលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានលើកឡើងថា បញ្ហាកង្វល់របស់អាជ្ញាធរ គឺបញ្ហាកុមាររងគ្រោះ និងកុមារងាយរងគ្រោះ ត្រូវការអង្គភាពពាក់ពន្ធ័នានា យកចិត្តទុកដាក់ចំពោះ ផលវិបាកផ្នែកស្បៀងអាហារ និងអហារូបត្ថម្ភសុខភាព ការសិក្សាអប់រំ សង្គម អារម្មណ៏ និងផ្លូវចិត្ត ជីវភាពប្រចាំថ្ងៃ និងវិស័យដ៏ទៃទៀតសម្រាប់ក្រុម កុមារដៃត្រូវការយកចិត្តទុកដាក់ជាពិសេសដូចជា កុមារទំនាស់នឹងច្បាប់ កុមារពិការភាព កុមាររងគ្រោះដោយការរំលោភបំពាន ការកេងប្រវ័ញ្ច និងការជួញដូរ ហើយកុមារភាគច្រើនកំពុងត្រូវការសេវាគាំទ្រ ពីស្ថាប័នពាក់ពន្ធ័ន និងសង្គមស៊ីវិលគ្រប់ជាន់ថ្នាក់ត្រូវធ្វើការជាមួយគ្នា ដើម្បីទទួលបាននូវលទ្ធផលដ៏ល្អបំផុតសម្រាប់កុមារ។ឯកឧត្តម ម៉ាសាហ៊ីរ៉ូ មីកាមី ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានសំដែងនូវការកោតសរសើរ ដល់រដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ដែលបានខិតខំយកចិត្តទុកដាក់ ក្នុងការបង្ការ និងទប់ស្កាត់អំពើហិង្សាលើកុមារ ដើម្បីឈានដល់ការលុបបំបាត់នូវអំពើហិង្សាលើកុមារក្នុងភូមិសាស្ត្រខេត្ត។

អត្ថបទទាក់ទង