រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់គ្រាប់ពូជស្រូវ ដោយឥតគិតថ្លៃដល់ កសិករគោលដៅដែលខូចខាតដំណាំស្រូវ ដោយគ្រោះទឹកជំនន់ឆ្នាំ២០២១

ខេត្តកណ្ដាល៖ ប្រជាកសិករដែលទទួលរងផលប៉ះពាល់ជន់លិចដំណាំស្រូវដោយជំនន់ទឹកភ្លៀង នាពេលកន្លងមក នៅស្រុកកណ្ដាលស្ទឹង ទទួលបានគ្រាប់ពូជស្រូវ និងគ្រាប់ពូដំណាំ ពីរាជរដ្ឋាភិបាល ដោយប្រើប្រាស់នូវប្រព័ន្ធស្បៀងបម្រុងកម្ពុជា(ប.ស.ប.ក) តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលខេត្តកណ្ដាល។

រសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំណាង ដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ ប.ស.ប.ក និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់គ្រាប់ពូជស្រូវ និងគ្រាប់ពូដំណាំដោយឥតគិតថ្លៃដល់ កសិករគោលដៅដែលខូចខាតដំណាំស្រូវ ដោយគ្រោះទឹកជំនន់ឆ្នាំ២០២១ ចំនួន៥៥៨ គ្រួសារ ក្នុងឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានដឹងថា ចាប់ពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ស្រុកកណ្តាលស្ទឹង បានទទួលរងឥទ្ធិពលជំនន់ទឹកភ្លៀងស្ទឹងព្រែកត្នោត បណ្ដាលឱ្យជន់លិចប៉ះពាល់ស្រូវ ចំនួន០៥ ឃុំ លើ១៨ ឃុំ ប៉ះពាល់ផ្ទៃដីស្រូវចំនួន ៥៦៥ ហិកតា ផ្ទៃដីខូចខាតចំនួន ២៧៩ ហិកតា និងផ្ទៃដីដែល មានលទ្ធភាពស្តារឡើងវិញបានចំនួន២៣០ ហិកតា។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា វិស័យកសិកម្ម គឺជាវិស័យដ៏ចម្បងមួយ ដែលរាជរដ្ឋាភិបាល បាននឹងកំពុងយកចិត្តទុកដាក់ សម្រាប់ជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ និងគុណភាពជីវភាពប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយសារប្រជាពលរដ្ឋភាគច្រើនជាកសិករប្រកបមុខរបរជាកសិកម្ម ហើយខេត្តកណ្តាល មានប្រជាពល រដ្ឋប្រកបមុខរបរជាកសិកម្មប្រមាណ៥០.៥%។

ឯកឧត្តម បន្តថា ការចែកពូជស្រូវ និងពូជគ្រាប់ដំណាំ នាឱកាសនេះ គឺចែកទៅតាមទំហំដីជាក់ស្ដែង របស់បងប្អូនប្រជាកសិករ គ្រួសារកសិករណាដែលមានផ្ទៃដីធំ នោះនឹងទទួលបានគ្រាប់ពូជច្រើន ទៅតាមទំហំផ្ទៃដីជាក់ស្ដែង។ ហើយការចែកគ្រាប់ពូជនៅពេលនេះ គឺចែកដោយ សុច្ចរិត យុត្តិធម៌ សមធម៌ សច្ចធម៌ និងតម្លាភាព ហើយគ្រប់គ្រាប់ពូជទាំងអស់ គឺសុទ្ធតែជាគ្រាប់ពូជល្អៗ សម្រាប់បងប្អូនប្រជាកសិករ អាចយកធ្វើការដាំដុះ និងបង្កបង្កើនផលបាន។

ឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមសោកស្តាយ ចំពោះការបាត់បង់ខូចខាតទ្រព្យសម្បត្តិ រួមទាំងដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗ ដោយសារជំនន់ទឹកភ្លៀងស្ទឹងព្រែកត្នោតកន្លងមក ដែលនេះជាការលំបាកមួយបន្ថែមលើការលំបាកនានា ដែលបងប្អូនជួបប្រទះនៅក្នុងអំឡុង ពេលនៃឆ្លងការរាតត្បាតជំងឺកូដ-១៩ ជិតពីរឆ្នាំកន្លងមកនេះ។ឯកឧត្តមបណ្ឌិត បន្តថា រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលខេត្តកណ្ដាល បាននាំយកមកនូវគ្រាប់ពូជស្រូវ សរុបចំនួន ២៧តោន និង៦០០គីឡូក្រាម និងគ្រាប់ពូជដំណាំចំនួន ៥៥៨កញ្ចប់ធំ (ក្នុងមួយកញ្ចប់មានគ្រាប់ពូជដំណាំ ៤មុខ)សម្រាប់ចែកជូនកសិករ ចំនួន៥៥៨គ្រួសារមកពីភូមិចំនួន៩ នៃឃុំដើមឫស ដែលរងការខូចខាតដំណាំស្រូវ និងដំណាំរួមផ្សំ ហើយចង់ស្ពារដំណាំឡើងវិញ។

អត្ថបទទាក់ទង