រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ក្នុងចំណោម២៥រាជធានី-ខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល បានទទួលបានចំណាត់ថ្នាក់លេខ១ លើប្រសិទ្ធភាពការងារចុះមូលដ្ឋាន និងដោះស្រាយរាល់បញ្ហា សំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានបានល្អប្រសើរជាងគេ

ខេត្តកណ្តាល៖ ឯកឧត្តម រាជ សុភទ្ទ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត បានបញ្ជាក់ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារ ការរៀបចំលេខាធិការដ្ឋាន និងតម្រង់ទិសលើទម្រង់របាយការណ៍ដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានថ្នាក់ខេត្ត និងថ្នាក់ក្រុង-ស្រុក នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះថា ក្នុងចំណោម ២៥រាជធានី-ខេត្ត គឺក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាលបានទទួលបានចំណាត់ថ្នាក់លេខ១ លើប្រសិទ្ធភាពការងារចុះមូលដ្ឋាន និងដោះស្រាយរាល់បញ្ហា សំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានបានល្អប្រសើរជាងគេ ដោយទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរ ពីសំណាក់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ថ្លែងក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានជម្រាបឱ្យដឹងថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់ថ្នាក់ បានអញ្ជើញចុះសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សរុបចំនួន ៣៥០២លើក និងទទួលបានសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋសរុបបានចំនួន ១១២៩ករណី នៅក្នុងនោះភាគច្រើនពាក់ព័ន្ធនឹងវិស័យសំខាន់ៗចំនួន៣ រួមមាន៖ វិស័យសង្គមកិច្ចចំនួន ៣២៩ករណី វិស័យសន្តិសុខសណ្ដាប់ធ្នាប់ និងការផ្ដល់សេវារដ្ឋបាលគ្រប់ប្រភេទចំនួន ២៦០ករណី និងវិស័យសុខាភិបាលចំនួន ២៥៣ករណី។

ឯកឧត្តមអភិបាលបានបន្តថា ឆ្លើយតបនឹងសំណើដូចជាសំណូមពរទាំងនេះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់ថ្នាក់បានដោះស្រាយសរុបបានចំនួន ១១១៧ ករណី នឹងកំពុងដោះស្រាយសរុបចំនួន ១២ករណី ដែលផលសម្រេចបាននេះ គឺស្ថិតក្រោមការដឹកនាំរបស់រដ្ឋបាលខេត្ត រួមជាមួយការគាំទ្រយ៉ាងពេញទំហឹងពីក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្ដាល ដែលដឹកនាំដោយ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើបធ្វើអោយខេត្តកណ្ដាលមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ

ទន្ទឹមនឹងការទទួលបានលទ្ធផលជាវិជ្ជមានជាច្រើនក្តី ឯកឧត្តម រាជ សុភទ្ទ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានជំរុញ និងបានលើកទឹកចិត្ត ដល់អស់លោក-លោកស្រីជាប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុកទាំង១១ និងមន្ត្រីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ សូមបន្តខិតខំប្រឹងប្រែងជាបន្តទៀត ជាពិសេសសូមផ្ដោតអារម្មណ៍យកចិត្តទុកដាក់ទទួលយកនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀតនៅក្នុងកិច្ចប្រជុំនាថ្ងៃនេះ ដើម្បីជាការឆ្លុះបញ្ចាំងជាមួយការអនុវត្តការងារជាក់ស្ដែងរបស់ខ្លួន ឲ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធខ្ពស់ សំដៅពង្រឹងលើកការងារបម្រើសេវាសាធារណៈ និងដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ឱ្យទទួលបានលទ្ធផលល្អ។

អត្ថបទទាក់ទង