រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រឿងឡានដឹកខ្សាច់បើកបរធ្វើឱ្យខូចផ្លូវ នៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅនោះរួចមក អាជ្ញាធរខេត្តក៏បានយកយុទ្ធសាស្ត្រឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន មកអនុវត្ត

ខេត្តកណ្តាល៖ បន្ទាប់ពីប្រជាពលរដ្ឋលើកសំណើ ទៅកាន់រដ្ឋបាលខេត្តកណ្ដាល រឿងឡានដឹកខ្សាច់បើកបរធ្វើឱ្យខូចផ្លូវ នៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅនោះរួចមក អាជ្ញាធរខេត្តក៏បានយកយុទ្ធសាស្ត្រឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន មកអនុវត្ត ដោយតម្រូវឱ្យម្ចាស់អាជីវកម្មខ្សាច់ធ្វើផ្លូវ និងកាយប្រឡាយរំដោះទឹកលិចចេញ ដើម្បីសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋ ហើយភាគីទាំងសងខាងក៏យល់ព្រមតាមដោយសន្តិវិធី។ការសម្រេចនូវការដោះស្រាយ ជូនពលរដ្ឋខាងលើនេះ ធ្វើឡើងនាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ពោលគឺភ្លាមៗបន្ទាប់ពីប្រជាពលរដ្ឋនៅមូលដ្ឋានភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ លើកឡើងអំពីបញ្ហាក្រុមហ៊ុនរថយន្តដឹកខ្សាច់ HSK ប្រើប្រាស់រថយន្តដឹកខ្សាច់លើសទម្ងន់ធ្វើឱ្យផ្លូវប្រវែង១ពាន់ម៉ែត្រខូចខាតស្ទើរទាំងស្រុង ដែលជាហេតុបង្កឱ្យពួកគាត់ពិបាកធ្វើដំណើរទៅមក និងលុបស្រះទឹកដោយគ្មានប្រព័ន្ធបង្ហូរទឹកបង្ករឲ្យជន់លិចផ្លូវក្នុងភូមិចំនួន៤ ។ក្រោមការចង្អុលបង្ហាញពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល, លោក ណុប ដារ៉ា អភិបាលរងខេត្ត បានយកយុទ្ធសាស្ត្រឈ្នះ-ឈ្នះ របស់សម្ដេចតេជោមកអនុវត្តលើការដោះស្រាយបញ្ហានេះ។ ជាលទ្ធផល អាជ្ញាធរបានបង្គាប់ឲ្យម្ចាស់ក្រុមហ៊ុន HSK របស់លោក ហ៊ែល សុខា ត្រូវស្ថាបនាផ្លូវដែលរងការខូចខាតប្រវែងជាង១ពាន់ម៉ែត្រឲ្យបានល្អរឹងមាំ និងស្ដារព្រែក-ប្រឡាយស្វាយរលំ ប្រវែង២ពាន់ម៉ែត្រ ទទឹង១០ម៉ែត្រ ជម្រៅ៤ម៉ែត្រ ព្រមទាំងដាក់លូភ្លោះទទឹង១.៥ម៉ែត្រ ប្រវែង១០ម៉ែត្រ និងធ្វើមុខឈ្នាងសងខាងលូផងដែរ។

អត្ថបទទាក់ទង