ខេត្តកណ្តាល៖ រសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំប្រតិភូរដ្ឋបាលខេត្តកណ្តាល និងសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា នៅភូមិគ្រឹះក្រុមគ្រួសារ នៃសពស្ថិតនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ស្ថិតក្នុងឱកាសពោរពេញដោយសេចក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា ចំពោះមរណភាពរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល នាពេលនេះ ឯកឧត្តមបានសម្តែងនូវការសោកស្ដាយ ស្រណោះអាឡោះអាល័យ និងក្តីសង្វេគស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល គឺជាការបាត់បង់នូវលោកឪពុក លោកឪពុកក្មេក និងជីតាប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ មិនចេះរីងស្ងួត ពិសេសក៏ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈមនសិកាក្នុងការបម្រើបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់តម្លៃនៃនីតិរដ្ឋប្រកបដោយ ឧត្តមគតិខ្ពង់ខ្ពស់ជាអនេកប្បការ។ យើងខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល សូមឆាប់បានយោនយកកំណើតកើត ក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕
![](https://asset.cambodia.gov.kh/provincial/sites/29/2021/11/251016529_4315699661891573_3230693301119176430_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/11/248968618_4312266988901507_3931581364912842550_n-1.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/11/253775142_4315699055224967_2485302854803324531_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/11/251363049_4315698688558337_6313383536055143462_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/11/252386829_4315698511891688_5761511032863533794_n-1024x683.jpg)