រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អនុញ្ញាតឱ្យប្រតិភូរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចូលជួបសំដែងការគួរសម

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អនុញ្ញាតឱ្យប្រតិភូរដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ ដឹកនាំដោយឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ ចូលជួបសំដែងការគួរសម នៅសាលាខេត្តកណ្ដាល។

ក្នុងជំនួបសម្តែងការគួរសមនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានស្នើសុំដល់រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ សូមជួយបំពេញបន្ថែម ដល់ការផ្គត់ផ្គង់ទឹកនៅក្រុងតាខ្មៅ ឱ្យធានាបាននូវការប្រើប្រាស់គ្រប់គ្រាន់ និងមាននិរន្តភាពទូទាំងក្រុងតាខ្មៅ។ឯកឧត្តមអភិបាលខេត្ត បន្តថា ក្រុងតាខ្មៅមានសង្កាត់ចំនួន៤ ដែលទើបកាត់មកពីស្រុកស្អាង នៅមិនទាន់មានទឹកប្រើប្រាស់គ្រប់គ្រាន់នៅឡើយទេ ដូច្នេះ ឯកឧត្តម បានស្នើសុំដល់រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ សូមជួយសិក្សាបន្ថែម និងរកដំណោះស្រាយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋនៅសង្កាត់ចំនួន៤ ដែលទើបកាត់មកពីស្រុកស្អាង ឱ្យមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងធានាដល់និរន្តភាពផងដែរ។

ក្នុងជំនួបនេះដែរ ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ បានជម្រាបពីគម្រោងក្នុងការផ្គត់ផ្គង់ទឹក សម្រាប់ក្រុងតាខ្មៅទាំងមូល នៅក្នុងផែនការឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០៣០ ខាងមុខនេះ។ ដោយ ឯកឧត្តម បានលើកឡើងថា នៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងអាចផលិតទឹកបន្ថែមបាន ៣ម៉ឺនម៉ែត្រគីបបន្ថែមទៀត សម្រាប់ប្រើប្រាស់នៅក្រុងតាខ្មៅ និងនៅឆ្នាំ២០៣០ រដ្ឋាករស្វយ័តក្រុងភ្នំពេញ គ្រោងនឹងបង្កើតរោងចក្របន្ថែមក្នុងក្រុងតាខ្មៅ ដែលអាចផលិតទឹកបាន ៦ម៉ឺនម៉ែត្រគីបបន្ថែមទៀត ដែលអាចផ្គត់ផ្គង់បាននៅទូទាំងក្រុងតាខ្មៅ ពិសេសបានពង្រីកនូវវិសាលភាព ប្រើប្រាស់បានគ្រប់គ្រាន់ នៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីផងដែរ។

ទន្ទឹមនឹងនោះផងដែរ ឯកឧត្តមអគ្គនាយក ក៏បានជម្រាបពីគម្រោងបន្ថែមថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងពង្រីកវិសាលភាពរបស់ខ្លួន សម្រាប់ភូមិសាស្រ្តខេត្តដែលជាប់ព្រំប្រទល់រាជធានីភ្នំពេញ ឱ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់ និងមានតម្លៃដូចនៅរាជធានីភ្នំពេញផងដែរ។

ក្នុងនោះដែរ ក្នុងក្រុងតាខ្មៅនឹងមានការពង្រាយនៅទីយោទឹកទំហំ ៦០សង់ទីម៉ែត្រ នៅត្រង់ផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខ ២ ឆ្ពោះទៅព្រែកហូរ ដែលការពង្រាយទីយោទឹកនេះផងដែរ ឯកឧត្តមអគ្គនាយក បានស្នើដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ពិសេសរដ្ឋបាលខេត្ត សូមជួយសហការ និងគាំទ្រនូវការអនុវត្តគម្រោងនេះ ដើម្បីឱ្យទទួលបាននូវលទ្ធផលល្អផងដែរ។ក្នុងឱកាសនោះដែរមានរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននាំយកនូវម៉ាសចំនួន១ម៉ឺនម៉ាដ និងអាកុល ១០កាល សម្រាប់ឧបត្ថម្ភដល់រដ្ឋបាលខេត្តផងដែរ។

អត្ថបទទាក់ទង