រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធ នៃចំណតផែកុងតឺន័រ LM១៧ របស់កំពង់ផែស្វយ័តភ្នំពេញ ជំហានទី៣ ដំណាក់កាលទី១

ខេត្តកណ្តាល៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធ នៃចំណតផែកុងតឺន័រ LM១៧ របស់កំពង់ផែស្វយ័តភ្នំពេញ ជំហានទី៣ ដំណាក់កាលទី១ នាព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១ ដែលសិ្ថតនៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធ នៃចំណតផែកុងតឺន័រ LM១៧ របស់កំពង់ផស្វយ័តភ្នំពេញ ជំហានទី៣ ដំណាក់កាលទី១ គឺដើម្បីការពង្រីកហេដ្ឋារចនា​សម្ព័ន្ធ​​ចំណតផែកុងតឺន័រ LM១៧ក្នុងគោលបំណងពង្រីកសមត្ថភាពផ្ទុកកុងតឺន័រ ដើម្បីឆ្លើយតបទៅនឹងកំណើនកុងតឺន័រឆ្លងកាត់ជាបន្ដបន្ទាប់ ។

ឯកឧត្តមបានមានប្រសាសន៍បន្ដថា កំពង់ផែស្វយ័តភ្នំពេញបានរៀបចំអនុវត្ដន៍​ផែនការរយៈ​ពេលវែង រួមមានគម្រោងអភិវឌ្ឍន៍ចំណតផែរណបទន្លេបិទ គម្រោងអភិវឌ្ឍន៍ ចំណតផែរណបចំនួនពីរ នៅទន្លេមេគង្គលើ និងទន្លេបាសាក់ អភិវឌ្ឍន៍ចំណតផែ ទំនិញចាក់ធារ សាងសង់ ឃ្លាំងត្រជាក់ និងស្ងួត ព្រមទាំងស្ដារ និងថែទាំផ្លូវ នាវាចរណ៍ ដើម្បីសំដៅគាំទ្រដល់ការអភិវឌ្ឍ និងរីកចម្រើនប្រកបដោយនិរន្ដរភាពនៃអាជីវកម្ម​របស់កំពង់ផែស្វយ័តភ្នំពេញនេះ។

ឯកឧត្តម ទេសរដ្ឋមន្រ្ដី បានបន្ថែមថា ដោយសារតែកំពង់ផែស្វយ័តភ្នំពេញគឺជាច្រកទ្វារសេដ្ឋកិច្ចជាតិមួយដ៏សំខាន់​សម្រាប់ដោះដូរផលិតផលកសិកម្ម និងកសិឧស្សាហកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារតំបន់ និងអន្ដរជាតិ ដូច្នេះកំពង់ផែស្វយ័តភ្នំពេញគឺជាចំណត ផែយ៉ាងសំខាន់ដែលស្ថិតនៅជាប់នឹងផ្លូវជាតិលេខ១ ដែលផ្លូវជាតិនេះ មានភាពងាយស្រួលការធ្វើចរាចរ ជាពិសេសរថយន្ដ កុងតឺន័រចេញ ចូលឆ្លងកាត់ផ្លូវជាតិលេខ១មកកាន់កំពង់ផែ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ បានបញ្ជាក់ថា ការបង្កើតចំណតផែកុងតឺន័រ LM១៧ គឺដើម្បី ពង្រីកសមត្ថភាពផ្ទុកកុងតឺន័រ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ មានជាបន្តបន្ទាប់លើសពីសមត្ថភាព ដែលចំណតផែថ្ម TS៣ មាន ហើយដែលពុំអាចធ្វើការពង្រីកទៀតបាន ទោះបីជាយើងបានខិតខំ បង្កើត ទីលានស្តុកកុងតឺន័រ (ICD)ដែលមានទំហំផ្ទៃដី ៩,៣ ហិកតា សម្រាប់ស្តុកទាំងកុងតឺន័រមានទំនិញ និង សំបកកុងតឺន័រ។ ឯកឧត្តមបន្តថា ដូចនេះហើយ ទើបនៅឆ្នាំ២០១១ ទើបកំពង់ផែស្វយ័តភ្នំពេញ យើងបានសម្រេចធ្វើការវិនិយោគលើការ ពង្រីកចំណតផែកុងតឺន័រ LM១៧ ដែលមានទីតាំងស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅលើផ្ទៃដីទំហំ ១០ ហិកតា ដែលមានសមត្ថភាពផ្ទុកកុងតឺន័រ ១៥០ ០០០ TEUs ក្នុងមួយឆ្នាំ ដោយប្រើប្រាស់ទុនវិនិយោគដែលបានមកពីកម្ចីឥណទានរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងទឹកប្រាក់ ប្រមាណ ២៨ ៩០០ ០០០ ដុល្លារអាមេរិក (ដោយពុំទាន់រាប់បញ្ចូលគ្រឿងចក្រលើកដាក់ទំនិញ)។ លើសពីនេះ ការពង្រីកហេដ្ឋារចនាសម្ព័ន្ធនៃចំណតផែកុងតឺន័រ LM១៧ ជំហានទី២ លើទំហំផ្ទៃដី ៤,៥ ហិកតា នៅឆ្នាំ២០១៨ ដែលបង្កើនសមត្ថភាពផ្ទុកកុងតឺន័រ ១៥០ ០០០ TEUs ក្នុងមួយឆ្នាំបន្ថែមទៀត ដោយប្រើប្រាស់ទុនវិនិយោគ ដែលបានមកពីការបោះផ្សាយលក់មូលបត្រ ដើម្បីពង្រីកសមត្ថភាពបន្ថែម ចំណតផែកុងតឺន័រ LM១៧ ឱ្យបាន ៣០០ ០០០ ''EUs ក្នុងមួយឆ្នាំ សំដៅឆ្លើយតបនឹងកំណើនកុងតឺន័រ ឆ្លងកាត់មានជាបន្តបន្ទាប់ លើសពីសមត្ថភាពចំណតផែកុងតឺន័រ LM១៧ ជំហានទី១។

ឯកឧត្តមបន្តថា បន្ទាប់ពីការ សាងសង់ទីលានជំហានទី៣ ដំណាក់កាលទី១នេះ ត្រូវបានបញ្ចប់ដោយជោគជ័យ កំពង់ផែស្វយ័តភ្នំពេញ នឹងអនុវត្ត ផែនការបន្ទាប់ នោះគឺការអភិវឌ្ឍគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធចំណតផែកុងតឺន័រ LM១៧ ជំហានទី៣ ដំណាក់កាលទី២ (២០២២-២០២៣) ដោយធ្វើការពង្រីកទីលានផ្ទុកកុងតឺន័របន្ថែម និងការបំពាក់ RTG ចំនួន ៤គ្រឿង លើផ្ទៃដីសរុបទំហំ ២,៧៥ ហិកតា ដែលអាចបង្កើនសមត្ថភាព ១០០០០០ TEUs ក្នុងមួយឆ្នាំ ដែលនឹងនាំឱ្យសមត្ថភាពផ្ទុកកុងតឺន័រសរុបរបស់ចំណតផែកុងតឺន័រ LM១៧ មានចំនួន ៥០០ ០០០ TEUs ក្នុង មួយឆ្នាំ។

សូមបញ្ជាក់ថា កំពង់ផែស្វយ័តភ្នំពេញ បានចាប់ផ្ដើមសាងសង់ចំណតផែកុងតឺន័រក្នុង ជំហាន ទី១ ចាប់តាំងពីឆ្នាំ២០១១មក ដោយចំណាយថវិកាប្រមាណ២៨.៩លានដុល្លារ ដែល​មានសមត្ថភាពអាចផ្ទុកកុងតឺន័របាន១៥ម៉ឺន TEUs ក្នុងមួយឆ្នាំ ហើយគម្រោងក្នុងជំហានទី២ ចំណាយថវិកាប្រមាណ៩លានដុល្លារ និងមានសមត្ថភាពផ្ទុកកុងតឺន័របានចំនួន៣០ម៉ឺន TEUs។ ចំណែកគម្រោងទី៣ ចាប់ពីឆ្នាំ២០១៩​ ដល់ឆ្នាំ២០២៣ គ្រោងនឹងចំណាយ​ថវិកា​ប្រមាណ៣៥លានដុល្លារ ដែលមានសមត្ថភាពផ្ទុកកុងតឺន័ររហូតដល់៥០ម៉ឺន TEUs ក្នុងមួយ ឆ្នាំ៕

អត្ថបទទាក់ទង