រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសំណេះសំណាល និងផ្តល់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋស្ម័គចិត្តដូរដី ក្នុងគម្រោងស្ថាបនាអាកាសយានដ្ឋានភ្នំពេញថ្មី

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋស្ម័គ្រចិត្តដូរដី ក្នុងគម្រោងស្ថាបនាអាកាសយានដ្ឋានភ្នំពេញថ្មីចំនួន១៦ នាក់ ស្មើនឹង៣១ក្បាល ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ត្រូវបាន ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកឧកញ៉ា ឆារស៍ វ៉ាន់ អគ្គនាយករងក្រុមហ៊ុន CAIC អញ្ជើញសំណេះសំណាល និងផ្តល់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុជូននាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នៅទីស្នាក់ការគម្រោងសាងសង់ព្រលាន យន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ការបង្កើតគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺជាគោលការណ៍សម្រេច របស់រាជរដ្ឋាភិបាល លើផ្ទៃដី ២៦០០ ហិកតា ក្នុងនោះ ស្ថិតក្នុងខេត្តកណ្តាល ទំហំ ២៤២៦ ហិកតា និងខេត្តតាកែវ ១៧៤ ហិកតា។ ក្នុងខេត្តកណ្តាល៖ មានស្រុកកណ្តាលស្ទឹង និងស្រុកស្អាង មាន ៤ ឃុំ ស្មើនឹង ១៣ ភូមិ មានផ្ទៃដីសរុបទំហំ ២៤២៦ ហិកតា នៃទំហំផ្ទៃដីគម្រោងសរុប។ ក្នុង គម្រោងព្រលានថ្មីនេះ មានបង្កើតផ្លូវយន្តហោះរត់ចំនួន៣ខ្សែ ក្នុងនោះ ផ្លូវរត់ទី១ (Runway1) គ្រោង នឹងបញ្ចប់ការស្ថាបនាឲ្យបានមុនត្រីមាសទី១ ឆ្នាំ២០២៣ ខាងមុខ ដែលផ្លូវរត់នេះ មានទទឹង ១០០ ម៉ែត្រ បណ្តោយ ៤,០០០ ម៉ែត្រ ប្រើប្រាស់ផ្ទៃដី ចំនួន ៤០ ហិកតា ដែលត្រូវសហការគ្នាគិតគូរដោះស្រាយជាអាទិភាព។ ហើយបច្ចុប្បន្ននេះ នៅមានប្រជាពលរដ្ឋ ១១ ក្បាលដីទៀត ដែលមិនទាន់យល់ព្រម ទទួលយកការដូរដី ឬការលក់ដីជូនព្រលាន។

ឯកឧត្ដមអភិបាលខេត្ត បន្តថា ការសាងសង់ព្រ លានយន្តហោះនេះ គឺជាមោទនភាពរបស់ខេត្តកណ្តាល ជាពិសេសសម្រាប់ស្រុកកណ្តាលស្ទឹង ដែល នឹងមានព្រលានយន្តហោះខ្នាតអន្តរជាតិ។ ហើយនៅពេលខាងមុខ ពេលដែលព្រលានយន្តហោះលេចចេញជារូបរាងឡើង តំបន់នៅជុំវិញនេះ នឹងរីកដុះដាលជា តំបន់មានការអភិវឌ្ឍសេដ្ឋកិច្ចខ្លាំង ហើយបងប្អូនប្រជាពលរដ្ឋ នឹងទទួលផលពីការអភិវឌ្ឍ មានជីវភាព ធូរធាគ្រប់ៗគ្នា។ ឯកឧត្ដមអភិបាលខេត្ត បានស្នើបងប្អូនដែលមានក្បាលដីក្នុងទីតាំងព្រលាន សូមមានការយោគយល់ខ្ពស់ ចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈគោលនយោបាយដូរដីទៅខាងក្រៅព្រលាន ដែលអាចយកទៅលក់ដូរ សាងសងលំនៅដ្ឋានបាន ឬ លក់ដីឲ្យព្រលាន ដើម្បីកុំឲ្យរាំងស្ទះដល់ដំណើរ ការសាងសង់ព្រលាន។

ទន្ទឹមនឹងនេះ ឯកឧត្ដមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ត្រូវរស់នៅតាមបែបគន្លងថ្មី ដោយអនុវត្តន៍តាមវិធានការរបស់ក្រសួង សុខាភិបាល ពិសេសប្រសាសន៍ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែរជាយ័ន្តដ៏ស័ក្ដិសិទ្ធិ គឺ៖ ៣ការពារ និង ៣កុំ អោយបានគ្រប់ៗគ្នា។

អត្ថបទទាក់ទង