ខេត្តកណ្តាល៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ និងយុវជន អាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ។ ការចុះត្រួតពិនិត្យនេះបានធ្វើឡើង នៅមណ្ឌលសុខភាព ដំណាកអំពិល ស្រុកអង្គស្នួល ខេត្តកណ្តាលនាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ។
ឯកឧត្តមអភិបាលរងខេត្តបានអំពាវនាវដល់មាតា បិតា អាណាព្យាបាល របស់កុមារនិងយុវជន ដែលមានអាយុចាប់ពី១២ឆ្នាំ ទៅដល់អាយុក្រោម១៨ឆ្នាំ ត្រូវជំរុញកូន ចៅ ទៅចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ អោយបានគ្រប់ៗគ្នា ដើម្បីជៀសផុតពីជំងឺដ៍កាចសាហាវនេះ ដោយមិនយកប្រាក់នោះឡើយ ហើយយុទ្ធនាការនេះធ្វើឡើងដើម្បី បញ្ចប់ឫសគល់នៃជំងឺ កូវីដ-១៩។
ក្នុងការចុះពិនិត្យការចាក់វ៉ាក់សាំងនេះដែរ ឯកឧត្តមអភិបាលរងខេត្តបានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ក្រុមយុវជន ព្រមទាំងមាតា បិតា អាណាព្យាបាល កុមារនិងយុវវ័យ ទាំងអស់ ដែល បានចូលរួមដោយស្ម័គ្រចិត្តមកចាក់វាក់ សាំង ដែលជាការរួមចំណែកក្នុងការប្រយុទ្ធ និងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល។ ព្រោះថាក្នុងដំណាក់កាលបច្ចុប្បន្ន ពិភពលោក ក៏ដូចជាកម្ពុជា កំពុងទទួលរងនូវការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ បម្លែងខ្លួនថ្មីមានឈ្មោះ (ដែលតា) ដែលមានការចំលងលឿនជាងមេរោគមុនៗ ធ្វើឲ្យអត្រាអ្នកឆ្លង និងស្លាប់កាន់តែមានចំនួនច្រើនឡើង។ ដូច្នេះ មានតែការចាក់ វ៉ាក់ សាំងទេ ដែលជាជម្រើសទី១ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងសង្រ្គោះជីវិតមនុស្សមិនឱ្យឈឺធ្ងន់ធ្ងរ នៅពេលឆ្លងជំងឺកូវីដ-១៩ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។
ឯកឧត្តមបានក្រើនរំលឹកឲ្យបងប្អូន ប្រជាពលរដ្ឋ និងក្មួយៗ គ្រប់រូប កុំភ្លេចអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលឲ្យបានល្អ គឺ ៣កុំនិង៣ការពារ ឱ្យបានខ្ជាប់ខ្ជួន ជាប្រចាំផងដែរ សូមចូលរួមទាំងអស់គ្នា ដោយពាក់ម៉ាស រក្សាគម្លាត និងឧស្សាហ៍លាងដៃ គ្រប់ពេលដែលអ្នកចេញក្រៅផ្ទះ ឬ បើមិនចាំបាច់ សូមកុំចេញក្រៅផ្ទះ ។
![](https://asset.cambodia.gov.kh/provincial/sites/29/2021/08/225457160_4049142568547285_5409616685203563400_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/08/226474437_4049142795213929_5410268340587820110_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/08/226592831_4049142978547244_8325336622605227350_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/08/224734729_4049143171880558_5146149672056246999_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/08/231365700_4049142698547272_2359425671046450508_n-1.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/08/233099273_4049143461880529_1776176039835023532_n.jpg)