រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកណ្តាល បាននាំយកទេយ្យទាន និងទៀនចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៣២វត្ត ស្ថិតនៅវត្តព្រះឥន្ទសាមគ្គីធម៍ ស្រុកអង្គស្នួល

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក មន្ត្រីរាជការ នាំយកនូវទេយ្យទាន បច្ច័យ ទៀនចំណាំព្រះវស្សា យកទៅប្រគេនដល់ព្រះសង្ឃគណៈធម្មយុត្តិកនិកាយ ដែលគង់ចាំព្រះវស្សាវចំនួន៣២វត្ត ទូទាំងខេត្តកណ្ដាល នៅវត្តព្រះឥន្ទសាមគ្គីធម៍ ស្រុកអង្គស្នួល ខេត្តកណ្ដាល។មានប្រសាសន៍ ទៅកាន់ពុទ្ធបរិស័ទ ព្រះសង្ឃ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនា បានផ្តល់ការអប់រំផ្លូវចិត្ត ឲ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា ។ ឯកឧត្តមបានបន្តថា នៅជារៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទ ឬសប្បុរសជននោះឡើយ សូម្បីតែអាជ្ញាធរខេត្ត ក៏តែងតែបាននាំយកនូវទៀនចំណាំព្រះវស្សាមកវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាទូទាំងខេត្តកណ្តាល ដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រ ផ្នែកវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ ។ក្នុងឱកាសនោះដែរ ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញើដល់ មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋ មិនត្រូវមានការធ្វេសប្រហែស និងភ្លេចខ្លួន ក្នុងការការពារខ្លួន ពីជំងឺកូវីដ-១៩នោះឡើយ សូមប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ ខ្ជួននូវវិធានការនានា តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់នូវការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ចូលក្នុងសហគមន៍យើង ពិសេសត្រូវអនុវត្តឲ្យបានល្អតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ ៣កុំ និង ៣ការពារ។សូមបញ្ជាក់ថា ទេយ្យទានដែលបានប្រគេនមាន៖-ប្រគេនវត្តសម្តេចព្រះមេគណខេត្ត ៖ បច្ច័យ ៣លានរៀល, ទៀនព្រះវស្សា០១គូ, អង្ករ៥០០គីឡូ,ទឹកសុទ្ធ១០កេះ,មី១០កេះ, ត្រីខ២០យួរ, សាដក០១, ម៉ាស់ ០១កេះ(៥០ប្រអប់) និងអាល់កុល០២កាន។ -ប្រគេនព្រះអនុគណក្រុង ស្រុកចំនួន១០វត្ត ក្នុង១វត្ត បច្ច័យ ១លានរៀល, ទៀនព្រះវស្សា០១គូ, អង្ករ៣០០គ.ក,ទឹកសុទ្ធ០៥​កេស, មី១០កេស, ត្រីខ១០យួរ ,សាដក០១, ម៉ាស់០១កេស(៥០ប្រអបើ) និងអាល់កុល០១កាន។-ប្រគេនវត្តគណៈធម្មយុត្តិកនិកាយទូទាំងខេត្តកណ្ដាល ចំនួន២១វត្ត ក្នុង១វត្ត បច្ច័យ៤០ម៉ឺនរៀល, ទៀនព្រះវស្សា០១គូរ, អង្ករ ២០០គ.ក, មី០៥កេស, ត្រីខ១០យួរ, ទឹកសុទ្ធ០៣កេស សាដក០១, ម៉ាស់២០ប្រអប់ និងអាល់កុល០១កាន៕

អត្ថបទទាក់ទង