រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតក្នុងភូមិកោះរំដួល សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល

ខេត្តកណ្តាល ៖ លោក ឈឿង ឆូ ចៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានទាំងអស់ចូលរួមសហការ និងបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារ ដែលត្រូវចុះវាសវែងផ្ទាល់ ក្នុងភូមិកោះរំដួល ពីព្រោះវាជាការចាំបាច់ណាស់ដែលបងប្អូនប្រជាពលរដ្ឋម្ចាស់ដី ត្រូវតែអញ្ជើញចូលរួមតាមការអញ្ជើញ និងការជូនដំណឹងរបស់ក្រុមការងារ ក្នុងការចង្អុលបង្ហាញទីតាំងដីព្រំដី និងផ្ដល់ព័ត៌មានឯកសារផ្សេងៗតាមនីតិវិធីដែលបានកំណត់ ដើម្បីឲ្យក្រុមការងារនេះអាចដំណើរការបានល្អ និងឆាប់រហ័សក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនប្រជាពលរដ្ឋ។

ការអំពាវនាវនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដល់ភូមិកោះរំដួល សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ដោយមានការចូលរួមពីអាជ្ញាធរស្រុក និងប្រជាពលរដ្ឋជាច្រើននាក់។

លោក ឈឿង ឆូ ចៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ នេះគឺជាលើកទី២ហើយដែលក្រុមការងារបានប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសតំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្នុងភូមិកោះរំដួល សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅនេះ។ លោកបានបន្តថា ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាកម្មវិធីថ្មីដែលមានលក្ខណៈ ហ្មត់ចត់ច្បាស់លាស់ និងប្រើបច្ចេកទេសទំនើប និងមាន៥ដំណាក់កាលគឺ÷ ដំណាក់កាលទី១ ប្រកាសដំបន់វិនិច្ឆ័យ និងបង្កើតគណៈកម្មការរដ្ឋបាល, ដំណាក់កាលទី២ ចុះវាស់វែង និងប្រមូលទិន្នន័យ, ដំណាក់កាលទី៣ បិទផ្សាយទិន្នន័យជាសាធារណៈរយៈពេល១៥ថ្ងៃ រាប់បញ្ចូលទាំងថ្ងៃបុណ្យទាន និងថ្ងៃសៅរ៍ អាទិត្យផងដែរ, ដំណាក់កាលទី៤ ប្រធានគណៈកម្មការរដ្ឋបាល ក៏ដូចជាអភិបាលខេត្ត ពិនិត្យ និងស្នើសុំចេញប័ណ្ណកម្មសិទ្ធិ និងដំណាក់កាលទី៥ ចែកប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ។ថ្លែងនៅក្នុងពិធីនេះដែរ លោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ បានគូសបញ្ជាក់ប្រាប់ដល់ប្រជាពលរដ្ឋ ដែលបានចូលរួមថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជានិច្ចកាល តែងតែគិតគូរដល់ការរស់នៅរបស់ ប្រជាពលរដ្ឋយើង ដោយបង្កើតយុទ្ធនាការទ្រង់ទ្រាយធំ ធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ដែល ក្នុងគោលដៅជួយប្រជាពលរដ្ឋ ឲ្យមានលំនឹងភាពកក់ក្តៅ ក្នុងការកាន់កាប់ដី និងការបង្កបង្កើន ផលិតកម្មលើដីដោយពុំមានការភ័យខ្លាច។ បន្ថែមពីលើនេះលោកអភិបាលក្រុង ក៏បានអំពាវនាវ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋយើង ដែលមានដីស្ថិតនៅក្នុងតំបន់គោលដៅ ត្រូវប្រញាប់ប្រញាល់រៀបចំឯកសារនានា ឲ្យបានត្រឹមត្រូវ និងទាន់ពេល ដើម្បី ក្លាយ ជា ម្ចាស់ដី ពិត ប្រាកដ មាន សិទ្ធិ ស្របច្បាប់ ក្នុង ការ កាន់កាប់ ប្រើប្រាស់ អាស្រ័យ ផល និង ចាត់ ចែង។

អត្ថបទទាក់ទង