ខេត្តកណ្ដាល៖ អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ ជំរុញដល់អាជ្ញាធរក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ចូលរួមដាំដើមឈើគ្រប់ប្រភេទនៅតាមទីវត្តអារាម សាលារៀន ភូមិឋាន ប្រឡាយទឹក ដងផ្លូវ និងនៅតាមទីសាធារណៈនានា។ ឯកឧត្តមអភិបាលខេត្តកណ្ដាល ជំរុញបែបនេះក្នុងឱកាស ឯកឧត្តម អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២១ ដាំដើមឈើជុំវិញបរិវេណបឹងព្រះរាជទ្រព្យ (បឹងផ្សារដែក) នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ស្ថិតក្នុងឃុំផ្សារដែក ស្រុកពញ្ញាឮ ខេត្តកណ្ដាល។
ឯកឧត្ដមបន្តថា ការដាំដើមឈើនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានា គឺមានគោលបំណងជួយថែរក្សាបរិស្ថាន បង្កើនទេសភាព សោភ័ណភាព បង្កើតម្លប់ពណ៌បៃតង និងជាម្លប់ដ៏ត្រជាក់សម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយើង ជាពិសេស គឺជួយកែប្រែបរិយាកាសធម្មជាតិនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានាឱ្យកាន់តែល្អប្រសើរថែមទៀត។
ឯកឧត្ដមបន្ថែមថា គ្រប់អាជ្ញាធរក្រុង -ស្រុកទាំងអស់បន្តយកចិត្តទុកដាក់រៀបចំជាផែនការដាំដើមឈើប្រចាំឆ្នាំ ដោយកំណត់នៅតាមទីសាធារណៈ វត្តអារាម មណ្ឌលសុខភាព សាលារៀនណាមួយសម្រាប់ធ្វើការដាំដើមឈើ និងការថែទាំដើមឈើឱ្យរស់លូតលាស់ល្អ ហើយត្រូវជំរុញចលនាប្រជាពលរដ្ឋគ្រប់រូបនៅតាមមូលដ្ឋាន ព្រះសង្ឃគ្រប់ព្រះអង្គ នៅតាមវត្តអារាមឱ្យចូលរួមសកម្មភាពដាំដើមឈើ រួមទាំងដាំដើមឈើហូបផ្លែផងដែរឱ្យបានគ្រប់ទីកន្លែងទាំងអស់ដែលមានដីទំនេរក្រៅពីកសិកម្ម និងចូលរួមថែរក្សាកូនឈើ ដែលបានដាំរួចឱ្យ បានដុះលូតលាស់ល្អ សម្រាប់ឧត្តមប្រយោជន៍របស់ខ្លួនឯងផង និងរបស់សង្គមជាតិផង។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋ ត្រូវបន្ដយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍ណែនាំ និងវិធានការរបស់ក្រសួងសុខាភិបាល “ការរស់នៅធម្មតា តាមបែបគន្លងថ្មី” ដោយត្រូវបន្ដការពារខ្លួនរបស់អ្នកពីជំងឺកូវីដ-១៩ ទោះបីនៅកន្លែងណាក៏ដោយ។
សូមបញ្ជាក់ផងដែរថា ក្នុងពិធីអបអរសាទរ រុក្ខទិវា ៩កក្កដា ឆ្នាំ២០២១ បានដាំដើមឈើប្រភេទលម្អ ជុំវិញបរិវេណបឹងព្រះរាជទ្រព្យ (បឹងផ្សារដែក) កំណាត់ផ្លូវបំបែកពីវត្តវត្តអរិយកស្សប ទៅបឹងឆ្កែលុង ក្នុងឃុំភ្នំបាត និងតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងស្រុកមុខកំពូល សរុបចំនួន ១៦៤៨ដើម និងចែកកូនឈើចម្រុះប្រភេទ សរុប៤៦០០ដើម។
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/206107719_3913656395429237_920606000437733391_n-4.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/199259150_3916494068478803_6422569660674278819_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/204612706_3916494718478738_6701745935984448358_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/200335002_3916494235145453_5690283727507682408_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/204588470_3916494438478766_1726089453203561948_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/201885119_3916494345145442_5927860772395104760_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/201259476_3916494655145411_7766850158099776788_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/204253282_3916495231812020_7130214329772541703_n.jpg)