រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រជាពលរដ្ឋជាសះស្បើយពីជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាលកម្រិតស្រាល វិទ្យាល័យ ហ៊ុន សែន រ៉ូតា ចំនួន ១១០ នាក់ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាលកម្រិតស្រាល វិទ្យាល័យ ហ៊ុន សែន រ៉ូតា ស្ថិតនៅក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ចំនួន ១១០ នាក់ ទទួលបានអំណោយមនុស្សធម៌ពី សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល។

មានប្រសាសន៍ក្នុងពិធីនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានសំដែងនូវការអបអរសាទរ ជាមួយបងប្អូនប្រជាពលរដ្ឋ ទាំង ១១០នាក់ ដែលបានជាសះស្បើយ ពីជំងឺកូវីដ-១៩ ដែលជាជំងឺដ៏កាចសាហាវ នឹងធ្វើឲ្យមនុស្សទូទាំងពិភពលោកមានការខ្លាចរអានូវជំងឺនេះ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមក៏បាន ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ ព្យាបាលបងប្អូនប្រជាពលរដ្ឋដែលមានផ្ទុកមេរោគកូវីដ-១៩បានជាសះស្បើយ ជាងនេះទៅទៀត ឯកឧត្តមក៏បាន កោតសរសើរដល់កងកម្លាំងមានសមត្ថកិច្ច ដែលបានរក្សានូវសុខ សុវត្ថិភាព ដល់ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលនៅមណ្ឌលព្យាបាលកម្រិតស្រាល នៅវិទ្យាល័យ ហ៊ុន សែន រ៉ូតា ប្រកបដោយសុខសុវត្ថិភាព។

ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋ ដែលបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ ពេលត្រឡប់ទៅផ្ទះវិញ មិនត្រូវប៉ះពាល់ និងស្និទ្ធស្នាលជាមួយក្រុមគ្រួសារ ឬអ្នកជិតខាងឡើយ ត្រូវបន្តធ្វើច័ត្តឡីស័កខ្លួនឯងនៅផ្ទះបន្តទៀត រយៈពេល ១៤ថ្ងៃ ដោយអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ស្ដីពីការបង្ការ ការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺ-១៩ ពិសេសអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ៣ការពារ ៣កុំ។ ទន្ទឹមនឹងនេះសូមបងប្អូនពេលត្រឡប់ទៅផ្ទះវិញ ត្រូវផ្សព្វផ្សាយ ណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កុំឲ្យឆ្លងចូលក្នុងសហគមន៍ ដើម្បីឈានដល់ការបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឲ្យបាននាពេលខាងមុខ។

អំណោយមនុស្សធម៌ដែលសាខាបានផ្ដល់ជូនក្នុងម្នាក់ទទួលបាន៖ អង្ករ ២០ គីឡូក្រាម ,ទឹកសុទ្ធ ១កេស ,ត្រីខ ១ យួរ ,មី ១កេស ,ទឹកស៊ីអ៊ីវ ១យួរ ,ដែល ១ដប ,ម៉ាស ១០បន្ទះ ,និងថវិកា ៤ម៉ឺនរៀល។

អត្ថបទទាក់ទង