ខេត្តកណ្តាល៖ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត និងអាជ្ញាធរស្រុកកៀនស្វាយបាន ធ្វើការអំពាវនាវ និងណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវសហការល្អជាមួយអាជ្ញាធរស្រុក ដើម្បីរួមគ្នាដោះស្រាយបញ្ហានានាឲ្យទទួលបានលទ្ធផលល្អប្រសើរ ជៀសវាងការប្រើអំពើហិង្សា ការបិទផ្លូវសាធារណៈដែលជាអំពើល្មើសច្បាប់ ត្រូវងៀកមករកការដោះស្រាយមួយដែលល្អប្រសើរ ពោលគឺការជជែកវែកញែក ពិភាក្សាគ្នារកខុសត្រូវ ប្រកបដោយសន្តិវិធី តម្លាភាព និងមានភាពយុត្តិធម៌ទើបជាការប្រសើរបំផុត។
ការអំពាវនាវនេះបានធ្វើឡើង នៅក្នុងកិច្ចប្រជុំដោះស្រាយ ជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារ មានទីលំនៅក្មុងឃុំបន្ទាយដែក ស្រុកកៀនស្វាយ ដែលបានស្រុះស្រួលគ្នាមកចូលរួមក្នុងដោះស្រាយជាមួយអជ្ញាធរស្រុកកៀនស្វាយ បន្ទាប់ពីបានធ្វើការតវ៉ាបិទផ្លូវជាតិលេខ១ កាលពីយប់ថ្ងៃទី៣០ ខែឧសភា ដែលកិច្ចប្រជុំដោះស្រាយនេះធ្វើឡើងដោយមានការដឹកនាំពីសំណាក់ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល និងមានការចូលរួមផងដែរពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ព្រះរាជអាជ្ញារងខេត្ត អាជ្ញាធរស្រុកកៀនស្វាយ និងមន្ទីរពាក់ព័ន្ធនានា។
ក្នុងការចុះជួបដោះស្រាយ និងសម្របសម្រួលនាឱកាសនោះដែរ ឯកឧត្តម នូវប៉េង ច័ន្ទតារា បានស្នើដល់ប្រជាពលរដ្ឋដែលពាក់ពន្ធ័ទាំងអស់ត្រូវ ចូលរួមបំពេញនូវព័ត៌មានផ្សេងៗដែលអាជ្ញាធរត្រូវការដូចជា៖ លេខអត្តសញ្ញាណប័ណ្ណ ឈ្មោះ អាសយដ្ឋាន ទីតាំងដីដែលមានទំនាស់ពិតប្រាកដ គោលបំណង និងសំណូមពរផ្សេងៗ មកឲ្យអាជ្ញាធរស្រុក ដើម្បីទុកជាឯកសារ និងជាមូលដ្ឋាន សម្រាប់យកទៅពិនិត្យ ពិភាក្សា ជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បីធ្វើការសំរេច ផ្តល់ជាដំណោះស្រាយសមស្របជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលានាពេលខាងមុខ។ ជាលទ្ធផល មានប្រជាពលរដ្ឋជាង ២៧៨នាក់ បានយល់ព្រមបំពេញព័ត៌មានទាំងអស់ តបតាមការស្នើសុំរបស់អជ្ញាធរស្រុក។
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/186551838_3849413065186904_2646333316736797619_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/186530596_3850300148431529_3946962209119167774_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/192524714_3850299975098213_17453725844367148_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/188978693_3850300418431502_2094268541388245141_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/191646332_3850300558431488_6595010063852502098_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/188311870_3850300848431459_2331865966015056016_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/192643754_3850300975098113_316337134597060773_n.jpg)