រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ស្នងការនគរបាលខេត្តកណ្ដាល នាំយកថវិកា ៥,០០០$ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា

ខេត្តកណ្តាល ៖ រសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងទទួលថវិកាពីស្នងការនគរបាលខេត្តកណ្ដាល ដឹកនាំដោយឯកឧត្ដ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងគោលបំណងចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ពិសេសគឺក្នុងខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ "ទាំងអស់គ្នារួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ"។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានថ្លែងអំណរគុណដល់ ស្នងការនគរបាលខេត្តកណ្ដាល ដែលបាននាំយកថវិកា ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលនៅពេលនេះ។

ឯកឧត្តម បន្តថា ថវិកាដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ក្នុងកាលៈទេសៈដែលខេត្តកណ្ដាល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានរីករាលដាលនៅទូទាំងខេត្តកណ្ដាល ហើយតំបន់មួយចំនួន ត្រូវបានសម្រេចបិទខ្ទប់ ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ ចេញពីផ្ទះ និងបម្លាស់ទីពីផ្ទះមួយទៅផ្ទះមួយ ឬពីភូមិមួយទៅភូមិមួយឡើយ ដូច្នេះអំណោយទាំងអស់នេះ គឺពិតជាទាន់ពេលវេលា ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងប្រឈមទៅនឹងការខ្វះស្បៀងអាហារផងដែរ។

អត្ថបទទាក់ទង