++++++++++++++++++++++++++++++++++++++ខេត្តកណ្ដាល៖ ដើម្បីឱ្យការគ្រោងផែនការថវិកា និងការទូទាត់ថវិការបស់រដ្ឋបាលឃុំ សង្កាត់ បានពេញលេញ និងសមស្រប ជាមួយរតនាគារខេត្ត រួមមានទាំងការងារសេវាសង្គម អនាម័យបរិស្ថាន គណនេយ្យភាពសង្គម រដ្ឋបាលខេត្តកណ្ដាល បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “និតិវិធីនៃការរៀបចំគម្រោងថវិកាឆ្នាំ២០២៧ និងបិទបញ្ជីចំណូល ចំណាយថវិកាឆ្នាំ២០២៦ និងប្រព័ន្ធតាមដានថវិការដ្ឋបាលឃុំ សង្កាត់” ជូនដល់គ.ក.ស.កក្រុង-ស្រុកប្រធានការិយាល័យរដ្ឋបាលហិរញ្ញវត្ថុ ក្រុង-ស្រុក ប្រធានការិយាល័យគាំទ្រ ក្រុង-ស្រុកលោក លោកស្រី ស្មៀនឃុំ-សង្កាត់ ជំនួយការហិរញ្ញ ឃុំ-សង្កាត់ និងអ.ក.ន.ក ឃុំ-សង្កាត់ ក្រោមអធិបតីភាពឯកឧត្ដម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលាប្រជុំខេត្តកណ្ដាល។មានប្រសាសន៍ក្នុងវគ្គបណ្ដុះបណ្ដាលនេះដែរ ឯកឧត្ដម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល បានលើកឡើងថា៖ បណ្ដុះបណ្តាលនេះធ្វើឱ្យយើងយល់កាន់តែច្បាស់ពីនិតិវិធីនៃការអនុវត្តផ្ទាល់ ទាំងការគ្រោងថវិកា និងការបិទបញ្ជីថវិកាជូនដល់រដ្ឋបាលឃុំ សង្កាត់ ឱ្យបានចេះសព្វគ្រប់ ព្រមទាំងសមស្របនឹងចំណេះជំនាញ ក្នុងការបំពេញកិច្ចការងាររបស់ខ្លួន ដែលទាក់ទងទៅនឹងការគ្រោងផែនការ ការទូទាត់ថវិការបស់រដ្ឋបាលឃុំ សង្កាត់ ជាមួយរតនាគារខេត្ត រួមមាន ទាំងការងារសេវាសង្គម អនាម័យបរិស្ថាន គណនេយ្យភាពសង្គម ដែលបានគ្រោងក្នុងផែនការថវិការបស់រដ្ឋបាលសាម៉ី និងថវិកាដែលគាំទ្រដោយរដ្ឋបាលខេត្តជូនដល់រដ្ឋបាលឃុំ សង្កាត់ ទៅលើការងារគណនេយ្យភាពសង្គម គួរបានពិនិត្យ និងកំណត់សកម្មភាពនិមួយៗ តាមជំពូក គណនី និងអនុគណនី ឱ្យច្បាល់។ឯកឧត្ដមអភិបាលរងខេត្តបន្តថា៖ មេរៀនថ្ងៃនេះ គឺមានសារៈសំខាន់ណាស់សម្រាប់សិក្ខាកាមទាំងអស់ ដែលមកពីតាមបណ្តាឃុំ សង្កាត់ ដែលនឹងយកចំណេះដឹងទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ ទៅបំពេញការងារតាមរដ្ឋបាលអង្គភាពរបស់ខ្លួនរៀងៗខ្លួន។ ឯកឧត្ដមអភិបាលរងខេត្ត សង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី សិក្ខាកាមទាំងអស់នឹងខឹតខំយកចិត្តទុកដាក់ស្តាប់ និងសួរដេញដោលគ្រូឧទ្ទេសឱ្យបានច្រើន លើបញ្ហាដែលបានអនុវត្តជាក់ស្តែង និងជួបប្រទះបញ្ហាកន្លងមក ដើម្បីកែតម្រូវ និងឱ្យបានត្រឹមត្រូវល្អប្រសើរជាមុន។









