ខេត្តកណ្តាល៖ យប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ចុះសំណេះសំណាលសួរសុខទុក្ខ កងកម្លាំងគ្រប់ប្រភេទ អាជ្ញាធរស្រុក កំពុងឈរជើងប្រចាំការនៅ រោងចក្រ ម៉ាស្ទ័រ អេនហ្វ្រែង ដែលត្រូវបានប្រែក្លាយជាទីកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ និងជាមណ្ឌលចត្តាឡីស័ក សម្រាប់អ្នកជាប់ពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩។ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្ដមអភិបាលខេត្ត បានបន្តដឹកនាំកិច្ចប្រជុំ ដាក់ផែនការ ដល់ក្រុមការងារពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ក្នុងការពន្លឿនការយកសំណាក បងប្អូនកម្មករ និយោជិត គ្រប់រោចក្រទាំងអស់នៅក្នុងមូលដ្ឋានស្រុកអង្គស្នួល និងបន្តគ្រប់គ្រងកំណត់មុខសញ្ញាអ្នកសង្ស័យពាក់ព័ន្ធផ្ទាល់យកសំណាកធ្វើតេស្ត និងនាំយកមកធ្វើចត្តាឡីស័កនៅ ទីតាំងមណ្ឌល រីឯអ្នកពាក់ព័ន្ធប្រយោល ត្រូវដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ ដោយមានការការពារគ្រប់គ្រង ឃ្លាំមើលពីកម្លាំងសមត្ថកិច្ច និងប្រជាការពារឲ្យបានម៉ត់ចត់ ជាងនេះទៅទៀត អាជ្ញាធរក៏ត្រូវតែប្រមូលយកក្រុមអ្នកបើកបររថយន្តដឹកកម្មករ និងបុគ្គលិកផ្នែកអនាម័យ ធ្វើតេស្តរកមេរោគកូវីដ-១៩ ផងដែរ បើពួកមិនចូលរួមសហការជាមួយអាជ្ញាធរនោះទេ នឹងមិនអនុញ្ញាតឲ្យពួកគាត់បន្ត ប្រកបរបរនេះបន្តទៀតបានទេ។
បន្ថែមលើការកិច្ចការទាំងនេះដែលត្រូវអនុវត្តភ្លាមៗ អាជ្ញាធរពាក់ព័ន្ធត្រូវក្តាប់ស្ថិតិកម្មករ និយោជិត មួយចំនួនមិនព្រមចូលរួមផ្តល់សំណាករកមេរោគទេ គឺត្រូវឃ្លាំមើល និងប្រមូលស្រង់យកនូវទិន្នន័យ អ្នកជំងឺ ឬអ្នកដែលទៅទិញថ្នាំពីគ្លីនិកឯកជន ឬឱសថស្ថាននានា នៅក្នុងមូលដ្ឋានរៀងៗខ្លួន ក្នុងករណីរកឃើញថា មានអ្នកជំងឺកូវីដ-១៩ ទៅគ្លីនិក ឬឱសថស្ថាននោះ ត្រូវបិទភ្លាមតែម្តង រីឯរោងចក្រក៏ដូច្នោះដែរ ប្រសិនបើរកឃើញថាកម្មករ និយោជិតមានជំងឺកូវីដ-១៩ ក៏នឹងត្រូវបិទជាបណ្តោះអាសន្នផងដែរ។
![](https://asset.cambodia.gov.kh/provincial/sites/29/2021/04/176409767_3752507861544092_5498189196320016328_n-1024x485.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/04/177420215_3752507791544099_7336423364450631904_n-1024x485.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/04/176949179_3752507938210751_533018220927791112_n-1024x485.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/04/177002482_3752507681544110_1401227983070685710_n-1024x485.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/04/176209746_3752507744877437_1607032138837612318_n-1024x485.jpg)