+++++++++ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល និងលោកស្រី ប្រាក់ ថាវៈភារី អគ្គនាយករង នៃមូលនិធិជាតិជំនួយសង្គម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការអនុវត្តកម្មវិធីជំនួយសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» របស់រាជរដ្ឋាភិបាល ដែលរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកណ្តាល។ វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីមន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលរងក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ និងមន្ត្រីទទួលបន្ទុកកម្មវិធីនៅតាមឃុំ-សង្កាត់ជាច្រើនរូប។ក្នុងឱកាសនោះ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងសមត្ថភាពដល់មន្ត្រីបង្គោលរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសមន្ត្រីប្រតិបត្តិផ្ទាល់នៅថ្នាក់ឃុំ-សង្កាត់ ឱ្យយល់កាន់តែច្បាស់អំពីគោលការណ៍ យន្តការ និងនីតិវិធីនៃការអនុវត្ត កម្មវិធីជាតិជំនួយសង្គមឆ្លើយតបនឹងគ្រោះអាសន្ន (ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងអ្នកប្រកបរបររត់ម៉ូតូកង់បី ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ) និងរបៀបរបបនៃការកំណត់មុខសញ្ញា នីតិវិធីចុះឈ្មោះ ការផ្ទៀងផ្ទាត់ និងការបើកផ្តល់ប្រាក់ឧបត្ថម្ភ ឱ្យបានចំទិសដៅ ទាន់ពេលវេលា និងប្រកបដោយតម្លាភាព ស្របតាមគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល។ឯកឧត្តមអភិបាលរងខេត្ត បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់ស្តាប់បទឧទ្ទេសនាមរបស់គ្រូឧទ្ទេស និងចូលរួមផ្លាស់ប្តូរមតិ លើកជាសំណួរ និងបញ្ហាប្រឈមជាក់ស្តែងដែលបានជួបប្រទះនៅមូលដ្ឋាន ដើម្បីរួមគ្នាពិភាក្សា និងស្វែងរកដំណោះស្រាយឱ្យបានផុសផុល។ ជាមួយគ្នានេះ សិក្ខាកាមត្រូវក្ដាប់ឱ្យបានច្បាស់នូវ «លក្ខខណ្ឌ នីតិវិធី និងប្រព័ន្ធបច្ចេកវិទ្យា» ក្នុងការអនុវត្តកម្មវិធីជំនួយសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ព្រមទាំងត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍យុត្តិធម៌ តម្លាភាព និងសុចរិតភាពក្នុងការងារ ដោយមិនត្រូវមានភាពលម្អៀង ឬបក្ខពួកនិយមក្នុងការកំណត់មុខសញ្ញាជនទទួលផលឡើយ។ក្នុងឱកាសនោះដែរ លោកស្រី ប្រាក់ ថាវៈភារី អគ្គនាយករង នៃមូលនិធិជាតិជំនួយសង្គម បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងលើការកសាង និងពង្រឹងប្រព័ន្ធគាំពារសង្គម ឱ្យមានលក្ខណៈប្រមូលផ្តុំ មានសង្គតិភាព និងប្រសិទ្ធភាព ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់»។ រាជរដ្ឋាភិបាលបានកំណត់យ៉ាងច្បាស់នូវគោលនយោបាយអភិវឌ្ឍប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ដើម្បីលើកកម្ពស់មូលធនមនុស្ស និងសុខុមាលភាពប្រជាពលរដ្ឋងាយរងគ្រោះ ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។លោកស្រីអគ្គនាយករង ក៏បានស្នើសុំដល់សាខាមូលនិធិជាតិជំនួយសង្គម អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសរដ្ឋបាលឃុំ-សង្កាត់ និងមន្ត្រីទទួលបន្ទុកកម្មវិធី ឱ្យជួយផ្សព្វផ្សាយព័ត៌មានអំពីកម្មវិធីនេះឱ្យបានទូលំទូលាយទៅដល់បងប្អូនប្រជាពលរដ្ឋដែលជាក្រុមគោលដៅ ដើម្បីធានាថាពួកគាត់អាចទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះបានគ្រប់ៗគ្នា។


