++++++++ខេត្តកណ្តាល៖រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំត្រៀមចូលរួមបដិសណ្ឋារកិច្ចទទួលនិងជូនដំណើរ គណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយ ឯកឧត្តម មីន អោង ឡាំង (MIN AUNG HLAING)ប្រធានាធិបតី នៃសាធារណៈរដ្ឋសហភាពមីយ៉ាន់ម៉ា នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ ជាច្រើនរូប។មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកនាយករដ្ឋបាលសាលាខេត្ត បានគូសបញ្ជាក់ថា៖ ព្រឹត្តិការណ៍នៃការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ គណៈប្រតិភូជាន់ខ្ពស់នៃសាធារណៈរដ្ឋសហភាពមីយ៉ាន់ម៉ា នាពេលខាងមុខនេះ គឺជាព្រឹត្តិការណ៍ការទូតផ្លូវការដ៏មានសារៈសំខាន់បំផុតសម្រាប់ប្រទេសជាតិ ក៏ដូចជាខេត្តរបស់យើងផងដែរ។ ដូច្នេះ ការងារបដិសណ្ឋារកិច្ចទទួលនិងជូនដំណើរ គណៈប្រតិភូជាន់ខ្ពស់ត្រូវតែរៀបចំឡើងឱ្យបានហ្មត់ចត់ ។ក្នុងឱកាសនោះ លោកនាយករដ្ឋបាលសាលាខេត្ត បានផ្តាំផ្ញើ និងណែនាំដល់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការគ្នាឱ្យបានជិតស្និទ្ធ បង្កើនស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវត្រៀមលក្ខណៈជាស្រេចគ្រប់ពេលវេលា ដើម្បីធានាឱ្យកិច្ចបដិសណ្ឋារកិច្ចទទួល និងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់មីយ៉ាន់ម៉ា ទទួលបានជោគជ័យ និងរលូនជាស្ថាពរ៕









