ខេត្តកណ្តាល៖ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានដឹកនាំក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំស្តីពីការសាងសង់អគារ សាលារៀន ឬមណ្ឌល សុខភាព ក្នុងក្របខណ្ឌនៃការអនុវត្តសារាចរអន្តរក្រសួងលេខ ០០៧ សហវ.អហក ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ស្តីពីការគ្រប់គ្រង ការចាត់ចែង និងការកំណត់ មុខសញ្ញាចំណាយថវិកាសេវាសង្គម និងអនាម័យបរិស្ថាន នៃមូលនិធិក្រុង ស្រុក និងមូលនិធិ ឃុំ សង្កាត់ កិច្ចប្រជុំនេះប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ Zoom ជាមួយរដ្ឋបាលក្រុង-ស្រុកទាំង១៣ ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពីបណ្ដាទីចាត់ការចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធនានា។កិច្ចប្រជុំនេះ មានគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីសេចក្តីណែនាំពាក់ព័ន្ធនឹងការសាងសង់អគារសាលារៀន និងមណ្ឌលសុខភាព ដើម្បីធានាឱ្យការអនុវត្តគម្រោងសាងសង់នានា ស្របតាមបទប្បញ្ញត្តិ គោលការណ៍ និងនីតិវិធីដែលបានកំណត់ ព្រមទាំងធានាប្រសិទ្ធភាព តម្លាភាព និងការប្រើប្រាស់ថវិកាឱ្យចំគោលដៅ ជាមួយគ្នានេះ អង្គប្រជុំក៏បានពិនិត្យ និងលើកឡើងពីបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការអនុវត្តការងារនៅមូលដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយ និងធានាឱ្យការអនុវត្តមូលនិធិក្រុង-ស្រុក និងមូលនិធិឃុំ-សង្កាត់ ប្រព្រឹត្តទៅដោយមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរ។








