++++++++ខេត្តកណ្តាល៖ ឯកឧត្តម ប្រាក់ សារ៉ាតអភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំគម្រោងខេត្ត ២០២៧ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅសាលាខេត្តកណ្តាល ។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា៖ គម្រោងអភិវឌ្ឍន៍ដែលបានបូកសរុប និងយកមកប្រជុំពិភាក្សានាពេលនេះ គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែជាគម្រោងដែលត្រូវបានស្រង់ និងរៀបចំឡើងយ៉ាងប្រុងប្រយ័ត្ន ដោយផ្អែក លើប្រភពច្បាស់លាស់រួមមាន គម្រោងកាត់ចេញពីគម្រោងខេត្តឆ្នាំ២០២៦, គម្រោងដែលស្នើសុំក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត, គម្រោងដែលមន្ទីរ-អង្គភាព រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ស្នើសុំ . ខ្សែផ្លូវសរុប (ពុំទាន់មានកម្រាល) ភ្ជាប់ទៅកាន់តំបន់សេវាសាធារណៈផ្សេងៗ និងខ្សែផ្លូវរងផលប៉ះពាល់ដោយទឹកជំនន់ជាដើម។ ឯកឧត្តម បានបន្ថែមថា៖ ដើម្បីធានាថាគម្រោងខេត្ត ឆ្នាំ២០២៧ ដែលយើងកំពុងរួមគ្នារៀបចំនៅថ្ងៃនេះ នឹងក្លាយជាផែនទីបង្ហាញផ្លូវឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងស៊ីសង្វាក់គ្នាជាមួយ នឹងគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល មន្ត្រីជំនាញ នៃទីចាត់ការផែនការ និងវិនិយោគ និងភាគីពាក់ព័ន្ធ បានខិតខំប្រឹងប្រែងចុះសិក្សាស្រាវជ្រាវ ពិនិត្យលក្ខណៈបច្ចេកទេស និងអនុវត្តតាមនីតិវិធី យ៉ាងយកចិត្ត ទុកដាក់ ទោះបីជាយើងត្រូវជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ដូចជាការប្រែប្រួល និងការកើនឡើងនៃតម្លៃទំនិញ និងសម្ភារៈនៅលើទីផ្សារយ៉ាងណាក៏ដោយ។ ជាមួយគ្នានេះផងដែរ កិច្ចប្រជុំនេះយើងនឹងរួមគ្នាពិនិត្យ ពិភាក្សា លើការរៀបចំគម្រោងខេត្តឆ្នាំ២០២៧ ដោយផ្អែកលើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២៧-២០២៩) មានគម្រោងសរុបចំនួន ៥១២ គម្រោងក្នុងនោះឆ្នាំ២០២៧៖ចំនួន១៦២គម្រោង,ឆ្នាំ២០២៨៖ ចំនួន ១៥៩គម្រោង, ឆ្នាំ២០២៩៖ ចំនួន ១៩១គម្រោង។ ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់បន្ថែមថា៖ការរៀបចំផែនការ និងគម្រោងវិនិយោគខេត្ត ឆ្នាំ២០២៧ គឺជាការងារយុទ្ធសាស្ត្រដ៏សំខាន់ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ដូច្នេះ គម្រោងដែលត្រូវលើកយកមកអនុវត្តត្រូវតែជាគម្រោងអាទិភាពពិតប្រាកដ ចំគោលដៅ និងឆ្លើយតបចំពោះតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ឯកឧត្តម ក៏បានជំរុញដល់មន្ទីរ-អង្គភាពជំនាញ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំកែសម្រួលសេចក្តីព្រាងគម្រោងឆ្នាំ២០២៧ នេះទៅតាមធាតុចូលដែលបានពិភាក្សានៅក្នុងកិច្ចប្រជុំឱ្យបានរួចរាល់តាមកាលកំណត់ និងបន្តពង្រឹងកិច្ច សហការ និងការសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធ ទាំងរដ្ឋវិស័យឯកជន និងអង្គការដៃគូអភិវឌ្ឍន៍ដើម្បីបង្កើនការតាមដាន និងវាយតម្លៃលើការអនុវត្តគម្រោង ធានាឱ្យការចំណាយថវិកាមានតម្លាភាព និងទទួលបានផលប្រយោជន៍អតិបរមាជូនប្រជាពលរដ្ឋ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ទីរ-អង្គភាពជំនាញ និងអាជ្ញាធរក្រុង-ស្រុកទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អប្រសើរក្នុងការរៀបចំ និងអនុវត្តគម្រោងអភិវឌ្ឍន៍ខេត្តនាពេលកន្លងមក សម្រេចបានសមិទ្ធផលជាច្រើនជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។







