រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំត្រៀមរៀបចំការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅខេត្តកណ្តាល

++++++++++++++++++ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យ និងពិភាក្សាត្រៀមរៀបចំការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅខេត្តកណ្ដាល ដោយមានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំង អាជ្ញាធរមូលដ្ឋាន និងលោកនាយក លោកស្រីនាយិកាវិទ្យាល័យទូទាំងខេត្ត នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តសហការយ៉ាងជិតស្និទ្ធ អនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន តម្លាភាព យុត្តិធម៌ និងស្របតាមបទប្បញ្ញត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញឱ្យយកចិត្តទុកដាក់លើការរៀបចំមណ្ឌលប្រឡង ធានាសុវត្ថិភាព សណ្តាប់ធ្នាប់ បរិស្ថាន និងសុខុមាលភាពរបស់បេក្ខជន និងគណៈមេប្រយោគប្រឡង។ជាមួយគ្នានេះ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្ត បានមានប្រសាសន៍ថា រដ្ឋបាលខេត្តកណ្តាលនឹងបន្តសហការយ៉ាងពេញទំហឹងជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច ដើម្បីគាំទ្រដល់ការរៀបចំការប្រឡងឱ្យប្រព្រឹត្តទៅដោយជោគជ័យ។ ឯកឧត្តមអភិបាលរងខេត្ត ក៏បានណែនាំដល់អាជ្ញាធរក្រុង ស្រុក និងគ្រប់ស្ថាប័នពាក់ព័ន្ធ ឱ្យត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ ជាពិសេសការពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ចរាចរណ៍ ការផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត និងការឆ្លើយតបបន្ទាន់ចំពោះបញ្ហាដែលអាចកើតមានក្នុងអំឡុងពេលប្រឡង។សូមជម្រាបថា សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខេត្តកណ្តាលមានមណ្ឌលប្រឡងសរុបចំនួន ២០មណ្ឌល ស្មើនឹង ៥៥៦បន្ទប់ប្រឡង។ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមាន ៦មណ្ឌល ស្មើនឹង ១២៥បន្ទប់ មានបេក្ខជន ៣,០៣៧នាក់ (ស្រី ១,៨០៤នាក់) ខណៈថ្នាក់វិទ្យាសាស្ត្រសង្គមមាន ១៤មណ្ឌល ស្មើនឹង ៤៣១បន្ទប់ មានបេក្ខជន ១០,៥៩៨នាក់ (ស្រី ៥,៨៥១នាក់)។ សរុបបេក្ខជនទាំងអស់មាន ១៣,៦៣៥នាក់ ក្នុងនោះស្រី ៧,៦៥៥នាក់ កើន ៨៩៣នាក់។

អត្ថបទទាក់ទង