រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “អក្ខរកម្មបញ្ញាសិប្បនិម្មិត AI Literacy” ជូនស្ត្រីជាថ្នាក់ដឹកនាំនៅរដ្ឋបាលខេត្ត មន្ទីរអង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ និងភូមិ នៃខេត្តកណ្តាល

++++++++++++++++++++ខេត្តកណ្តាល៖ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកណ្តាល បានបិទវគ្គបណ្តុះបណ្តាល ស្តីពី «អក្ខរកម្មបញ្ញាសិប្បនិម្មិត AI Literacy» ដែលបានរៀបចំឡើងសម្រាប់ក្រុមការងារបញ្ជ្រាបយេនឌ័រខេត្ត សមាជិកាសាខាសមាគមនារីគ្រប់លំដាប់ថ្នាក់ (ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងភូមិ) ព្រមទាំងមន្ត្រីរាជការនៃរដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាពជុំវិញខេត្ត។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល និងលោកបណ្ឌិត លី រតនា ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល នៃបណ្ឌិត្យសភាឌីជីថលកម្ពុជា ។នៅក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលនេះ លោកជំទាវ ស្រ៊ុន ស្រីនាង បានគូសបញ្ជាក់ថា ការរីកចម្រើនយ៉ាងរហ័សនៃបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន បានបង្ខំឱ្យគ្រប់ស្ថាប័ន និងបុគ្គលគ្រប់រូបត្រូវតែពង្រឹងសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានឱ្យបានទូលំទូលាយ។ បច្ចេកវិទ្យាទាំងនេះបានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងប្រតិបត្តិការងារប្រចាំថ្ងៃ ការគ្រប់គ្រងទិន្នន័យ ការទំនាក់ទំនង និងជីវភាពរស់នៅ។ ក្នុងចំណោមនោះ បញ្ញាសិប្បនិម្មិត (AI) គឺជាឧបករណ៍ដ៏មានឥទ្ធិពលដែលត្រូវយកមកអនុវត្តជាប្រចាំទាំងក្នុងវិស័យការងារ និងការកម្សាន្ត។លោកជំទាវអភិបាលរងខេត្ត បានបន្ថែមថា ការយល់ដឹងពី AI នឹងជួយលើកកម្ពស់ប្រសិទ្ធភាពការងារ ការធ្វើសេចក្តីសម្រេចចិត្ត ការវិភាគទិន្នន័យ ការរៀបចំផែនការ និងការទំនាក់ទំនងឱ្យកាន់តែមានភាពរលូន។ ចំណេះដឹង AI មិនមែនជាដែនកំណត់សម្រាប់តែអ្នកបច្ចេកទេស ឬវិស្វករប៉ុណ្ណោះទេ ប៉ុន្តែជាតម្រូវការចាំបាច់សម្រាប់មនុស្សគ្រប់គ្នា ជាពិសេសស្ត្រីដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គម ដើម្បីឱ្យពួកគាត់អាចប្រើប្រាស់បច្ចេកវិទ្យានេះបានយ៉ាងមានប្រសិទ្ធភាព សុវត្ថិភាព និងប្រកបដោយក្រមសីលធម៌។ជាមួយគ្នានេះដែរ លោកជំទាវបានរំលេចថា ទោះបីជា AI ផ្តល់អត្ថប្រយោជន៍ជាច្រើនយ៉ាងណាក៏ដោយ ក៏វានៅតែមានហានិភ័យមួយចំនួនប្រហាក់ប្រហែលគ្នា ប្រសិនបើប្រើប្រាស់ដោយខ្វះការប្រុងប្រយ័ត្ន ដូចជា បញ្ហាសន្តិសុខទិន្នន័យបុគ្គល ការរាលដាលនៃព័ត៌មានក្លែងក្លាយ (Fake News) និងការបាត់បង់តុល្យភាពក្នុងជីវិតជាដើម។ ហេតុដូច្នេះ វគ្គបណ្តុះបណ្តាលនាពេលនេះ មិនត្រឹមតែបំពាក់បំប៉នជំនាញបច្ចេកទេស AI ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតម្រង់ទិសឱ្យសិក្ខាកាមចេះប្រើប្រាស់វាដោយមានការទទួលខុសត្រូវ សុវត្ថិភាព និងប្រកបដោយក្រមសីលធម៌ខ្ពស់។ជាទីបញ្ចប់ លោកជំទាវបានលើកទឹកចិត្ត និងជំរុញឱ្យសិក្ខាកាមទាំងអស់ ខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការយកបច្ចេកវិទ្យាទំនើបនេះទៅអនុវត្តជាមូលដ្ឋានគ្រឹះ ក្នុងការបម្រើការងាររដ្ឋបាល ការអភិវឌ្ឍសហគមន៍ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ សំដៅរួមគ្នាតបឆ្លើយ និងដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។

អត្ថបទទាក់ទង