រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វគ្គបណ្ដុះបណ្ដាលស្តីពី ការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ ដើម្បីពង្រឹងសមត្ថភាពមន្ត្រី និងលើកកម្ពស់ប្រសិទ្ធភាពសេវាគាំពារសង្គម

ខេត្តកណ្តាល៖ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលស្តីពី ការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកការងារទូទាំងក្រុងស្រុកទាំង១៣ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាខេត្តកណ្តាល។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពវិជ្ជាជីវៈ របៀបរបបបំពេញការងាររដ្ឋបាល និងការគ្រប់គ្រងមូលនិធិបេឡាមរណសង្គ្រោះ ឱ្យកាន់តែមានតម្លាភាព ទាន់ពេលវេលា និងឆ្លើយតបបានយ៉ាងមានប្រសិទ្ធភាពខ្ពស់ ជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជនដែលជាសមាជិក។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ សុខ អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានមានប្រសាសន៍ថា៖សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា គឺជាស្ថាប័នបង្គោលមួយដែលដើរតួយ៉ាងសំខាន់ក្នុងការយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន ដែលជាអ្នកមានគុណបំណាច់ចំពោះជាតិមាតុភូមិ។ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យា និងការកែទម្រង់រដ្ឋបាលស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមអគ្គលេខាធិការរង បានបន្ថែមថា៖ មន្ត្រីរដ្ឋបាល និងមន្ត្រីបេឡាមរណសង្គ្រោះ គឺជាសេនាធិការដ៏សំខាន់ និងជាអ្នកប៉ះពាល់ផ្ទាល់ជាមួយជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន។ ដូច្នេះត្រូវតែបំពេញភារកិច្ចដោយក្តីអាណិតស្រឡាញ់ ស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់បំផុត និងសម្របសម្រួល និងសម្រួលនីតិវិធីរដ្ឋបាល ក្នុងការបើកប្រាក់ឧបត្ថម្ភមរណសង្គ្រោះ ដោយមិនត្រូវទុកឱ្យមានការយឺតយ៉ាវ ដែលបង្កជាការលំបាកដល់ក្រុមគ្រួសារសពនោះឡើយ។ ឯកឧត្តមអគ្គលេខាធិការរង បានបន្ថែមថា៖ ត្រូវបង្កើនកិច្ចសហការ និងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ រវាងការិយាល័យ និងមន្ទីរពាក់ព័ន្ធ។ ក្នុងករណីមានបញ្ហាប្រឈម ឬភាពមិនប្រក្រតីណាមួយកើតឡើង ត្រូវរាយការណ៍មកថ្នាក់ដឹកនាំជាបន្ទាន់ដើម្បីដោះស្រាយទាន់ពេលវេលា។ ឯកឧត្តមបានបន្តថា៖ អតីតយុទ្ធជន និងនិវត្តជន គឺជាអ្នកដែលមានគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិ។ ដូច្នេះការបម្រើសេវារដ្ឋបាលផ្សេងៗ ត្រូវតែធ្វើឡើងដោយបេះដូង ភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់។​ឯកឧត្តមបានជំរុញដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹង បទពិសោធន៍ និងវិធីសាស្ត្រល្អៗពីគ្រូឧទ្ទេស ដើម្បីយកទៅអនុវត្តផ្ទាល់នៅតាមអង្គភាពរៀងៗខ្លួន សំដៅប្រែក្លាយចំណេះដឹងទាំងនេះ ទៅជាលទ្ធផលការងារជាក់ស្តែងនៅមូលដ្ឋាន។ ថ្លែងក្នុងឱកាសនោះដែរ លោកជំទាវ ហ៊ុន កុសនី អនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការ អ.ន.ក. ខេត្តកណ្តាល បានថ្លែងថា៖ មុខសញ្ញានិវត្តជន ដែលជាអតីតមន្ត្រីរាជការស៊ីវិលខេត្តកណ្តាល សរុបចំនួន ៤.៧៧៨នាក់ -ជនបាត់បង់សមត្ថភាពចំនួន៦១នាក់ ក្នុងនោះនិវត្តជន ចំនួន ៤.៦៣៨ នាក់ ។រយៈពេល ០៦ខែ ឆ្នាំ២០២៦ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកណ្តាល បានចុះ ប្រគល់ថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិក អ.ន.ក ចំនួន ៤៧នាក់ ប្រើប្រាស់ថវិកា សរុបចំនួន ១៨៨,០០០,០០០រៀល (មួយរយប៉ែតសិបប្រាំបីលានរៀល) ក្នុងនោះ-ថវិកាបំពេញបន្ថែមរបស់សម្តេចតេជោចំនួន ១៣៦,០០០,០០០រៀល (មួយរយសាមសិបប្រាំ មួយលានរៀល) ស្មើនឹង ៣៤នាក់។-ថវិកាបេឡាមរណសង្គ្រោះចំនួន ៥២,០០០,០០០រៀល (ហាសិបពីរលានរៀល) ស្មើនឹង ១៣នាក់។ លោកជំទាវបានបញ្ជាក់ផងដែរថា៖ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់គ្រួសារអតីតអតីតជនចំនួន ៥០គ្រួសារ ដែលបានទទួលដីឡូតិ៍ និងផ្ទះ នៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និង ជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកណ្តាល បានជួយឧបត្ថម្ភថវិកាចំនួន ៧៥,០០០,០០០រៀល (ចិតសិបប្រាំលានរៀល) ដើម្បីជួលគ្រឿងចក្រឈូសឆាយពង្រាបដី ធ្វើផ្លូវ និងធ្វើបង្គោលព្រំដី និងបានជួយឧបត្ថម្ភថវិកាក្នុងមួយគ្រួសារ ចំនួន ១,០០០,០០០រៀល (មួយ លានរៀល) សរុបចំនួន ៥០,០០០,០០០រៀល (ហាសិបលានរៀល) សម្ភារៈប្រើប្រាស់ និង គ្រឿងឧបភោគ បរិភោគជាច្រើនទៀត។ ព្រមជាមួយនោះ ឯកឧត្តម អភិបាលខេត្ត បានរៀបចំចង ក្រងក្រុមសម្ព័ន្ធមេត្រីភាព រវាងមន្ទីរអង្គភាពជុំវិញខេត្ត ជាមួយគ្រួសារអតីតយុទ្ធជន ចំនួន ៥០គ្រួសារ ដើម្បីបន្តជួយឧបត្ថម្ភគាំទ្រដល់ជីវភាពរស់នៅរបស់ពួកគាត់។ រហូតមកដល់បច្ចុប្បន្ននេះ មន្ទីរ-អង្គភាព សម្ព័ន្ធមេត្រីភាពបានជួយជាថវិកាជីកអណ្តូងស្នប់ ធ្វើរបង ទិញកូនឈើហូបផ្លែ និងឧបត្ថម្ភសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគមួយចំនួនទៀតផង។

អត្ថបទទាក់ទង