រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០០៨ សហវ.ស.រ.ណ.អហក ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី ខេត្ត ឆ្នាំ២០២៧-២០២៩ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧

+++++++++ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល និងលោកស្រី វ៉ែន ណារិន អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០០៨ សហវ.ស.រ.ណ.អហក ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី ខេត្ត ឆ្នាំ២០២៧-២០២៩ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ ដោយមានការចូលរួមពី មន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលរងក្រុង ស្រុកទទួលបន្ទុក និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ នៅសាលប្រជុំសាលាខេត្តកណ្តាល។ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា សារាចរណែនាំនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់រដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ក្នុងការងារគ្រប់គ្រង និងការអនុវត្តថវិកាឆ្នាំ២០២៧។ ផ្អែកលើក្របខណ្ឌនិងគោលការណ៍គន្លឹះ និង បច្ចេកទេសថ្មីៗ សម្រាប់ធ្វើបច្ចុប្បន្នភាពក្នុងការរៀបចំគម្រោងថវិកានិងផែនការយុទ្ធសាស្ត្រថវិកា របស់រដ្ឋបាលថ្នាក់ ក្រោមជាតិឆ្នាំ២០២៧ ប្រកបដោយ ប្រសិទ្ធភាព ត្រឹមត្រូវ ដើម្បីផ្សារភ្ជាប់នឹងកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល ដើម្បីបង្កើនប្រសិទ្ធភាពនៃការការប្រមូលចំណូល និងការកំណត់អាទិភាពចំណាយ និងកម្មវិធី អាទិភាពគោលនយោបាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ឯកឧត្តម អភិបាលរងខេត្ត បានបន្តទៀតថា ជាក់ស្តែងគិតចាប់ពីឆ្នាំ២០២១ អភិបាល នៃគណៈអភិបាលខេត្ត ជាអាណាប័កដើមខ្សែ នៃកញ្ចប់ថវិកា សម្រាប់អនុវត្តមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលរបស់ខេត្ត ហើយប្រធានមន្ទីរសុខាភិបាលខេត្តជាអាណាប័ក ផ្ទេរសិទ្ធ ក្នុងការបញ្ជាប្រតិបត្តិការចំណូល ចំណាយ ក្រោមការគ្រប់គ្រងនិងទទួលខុសត្រូវរបស់រដ្ឋបាលខេត្ត និងការធ្វើសមាហរណកម្ម ការិយាល័យជំនាញទាំង២០វិស័យ ជូនរដ្ឋបាលក្រុង ស្រុក ដែលការអនុវត្តយន្តការនៃការផ្ទេរមុខងាររបស់ក្រសួង ស្ថាប័ន មកថ្នាក់ក្រោមជាតិ។ឯកឧត្តម ក៏បានរំពឹងថាគម្រោងថវិកាឆ្នាំ២០២៧ រដ្ឋបាលខេត្ត ក្រុង/ស្រុក មន្ទីរជំនាញ នឹងក្លាយជាឧបករណ៍យ៉ាងសំខាន់ក្នុង ការលើកកម្ពស់ ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សម្រាប់ធ្វើការវិភាជនិងការគ្រប់គ្រងថវិកាប្រចាំឆ្នាំ ជាពិសេសទទួលបានការឆ្លើយតប ទៅនឹងតម្រូវការអភិវឌ្ឍវិស័យរដ្ឋបាល សេដ្ឋកិច្ច និងសង្គមកិច្ច ក្នុងមូលដ្ឋានរបស់ខ្លួន ក៏ដូចជាក្នុងខេត្តកណ្តាល ព្រមជាមួយនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ។

អត្ថបទទាក់ទង