រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រតិភូខេត្តកណ្ដាល ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោកឧត្តមសេនីយ៍ត្រី ម៉ៃ ឡាក់ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក

+++++++++++++ខេត្តកណ្ដាល រសៀលថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០២៦ ប្រតិភូខេត្តកណ្ដាល ដឹកនាំដោយលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល បានអញ្ជើញសាកសួរសុខទុក្ខ និងរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោកឧត្តមសេនីយ៍ត្រី ម៉ៃ ឡាក់ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូរទឹកខៀវ វីរៈសេនាតូចលេខ៧៩៥ ចំណុះនាយកដ្ឋាននគរបាលការពារព្រំដែនគោក ប្រចាំនៅចំណុចដំណាក់ជ្រៃ ដែលទទួលមរណភាពដោយរោគាពាធ នៅគេហដ្ឋានសព នៅឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ស្ថិតក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល បាននាំមកជាមួយនូវសារលិខិតរំលែកទុក្ខរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ក៏ដូចជាពាំរាំនៃការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងរំលែកទុក្ខពីសំណាក់ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តមគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ជាមួយក្រុមគ្រួសារសព និងសូមសម្តែងនូវសេចក្តីសង្វេគសោកស្តាយ រកទីបំផុតគ្មាន ចំពោះការបាត់បង់ លោកឧត្តមសេនីយ៍ត្រី ដែលមិនត្រឹមតែជាការបាត់បង់ បង ប្អូន ប្ដី និងឪពុកជាទីស្រឡាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់នូវឥស្សរជន ស្នេហាជាតិដ៏ឆ្នើមមួយរូប ដែលតែងតែបានរួមចំណែកយ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូ ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ពីការឈ្លានពានរបស់ខ្មាំងសៀម។ វីរភាពដ៏អង់អាចក្លាហានរបស់ លោកឧត្តមសេនីយ៍ត្រី នៅក្នុងសមរភូមិការពារជាតិ គឺជាគំរូដ៏ល្អឯកសម្រាប់យុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតែចងចាំនូវគុណូបការៈដ៏ ថ្លៃថ្លានេះ។ ក្នុងឱកាសនោះដែរប្រតិភូខេត្តកណ្តាល បាននាំមកនូវថវិការបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ទឹកប្រាក់ចំនួន ៤០លានរៀល និងសម្ភារៈមួយចំនួន ចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យ និងសូមបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមមេត្តាជួយបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ លោកឧត្តមសេនីយ៍ត្រី ម៉ៃ ឡាក់ បានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង