++++++++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្ដាល បានរៀបចំពិធីប្រគល់-ទទួល កុំព្យូទ័រ ចំនួន ១៥ គ្រឿង ជូនដល់រដ្ឋបាលឃុំ សង្កាត់ និងកិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃវឌ្ឍនភាពការធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ ស្ថិតក្រោមការកាន់កាប់របស់ មន្ទីរជំនាញ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល ដោយបានការអញ្ជើញចូលរួមពីមន្ទីរ-អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុកទាំង១៣ ផងដែរ។ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល មានប្រសាសន៍ថា៖ សម្រាប់គោលបំណង គឺដើម្បីពិភាក្សា ពិនិត្យវឍ្ឍនភាព និងបញ្ហាប្រឈម ក្នុងការចុះបញ្ជីធ្វើបណ្ណកម្មសិទ្ឋិដីរដ្ឋ និងពិភាក្សាអំពីវិធានការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ឋនិងដីមានជម្លោះ ដីចុះបញ្ជីស្ទួន ដីមិនអាចធ្វើបណ្ណកម្មសិទ្ឋិបាន ការជម្រុញការដាក់ពាក្យស្នើសុំ និងការពន្លឿនការវាស់វែងដី ដែលបានដាក់ពាក្យស្នើសុំរួចរាល់ ដើម្បីអោយស្របតាមកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណ:និងធានាដល់ការគ្រប់គ្រងដីរដ្ឋ ដែលបានចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។ឯកឧត្តមបានបន្តទៀតថា៖ រដ្ឋបាលខេត្តតែងតែយកចិត្តទុកដាក់ និងចូលរួមអនុវត្តកម្មវិធីកែទម្រុងនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្ត ក្នុងគោលដៅពង្រឹងអភិបាលកិច្ច ដែលជាស្នូលនៃយុទ្ធសាស្ត្រ ចតុកោណ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ក្នុងនោះ រដ្ឋបាលខេត្ត ក៏បាន និងកំពុងចូលរួមអនុវត្ត យ៉ាងសកម្មលើការកែទម្រុងលើការគ្រប់គ្រងហិរញ្ញវត្ថុនៅថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងការគ្រប់គ្រង ចំណូលមិនមែនសារពើពន្ធ, ការពន្លឿនការធ្វើប័ណ្ណកម្មសិទ្ធិអចលនទ្រព្យនៅក្នុងដែនសម្ថកិច្ចរបស់រដ្ឋបាលខេត្ត ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរួចហើយ, បន្តការពង្រឹងការរៀបចំបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋ ឱ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា,ការចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រថវិកា, ថវិកាកម្មវិធី និងអង្គភាពថវិកា ដើម្បីពង្រឹងប្រសិទ្ធិភាពថវិកា និងការផ្សារភ្ជាប់ទៅនឹងគោលនយោបាយ និងពិសេស ក្នុងការចូលរួមអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, និងបន្តជម្រុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាគ្រប់គ្រងទិន្នន័យបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ "ហៅថា SARMIS” ដែលកិច្ចការទាំងនេះជាកម្មវត្ថុនៃការរៀបចំកម្មវិធីនាពេលនេះ ហើយកុំព្យូទ័រចំនួន ១៥ គ្រឿងដែលនឹងត្រូវប្រគល់ជូនដល់រដ្ឋបាលឃុំ សង្កាត់ នាពេលនេះ ក៏ជាការជួយ គាំទ្របន្ថែមទៀតដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តកណ្តាល ក្នុងការចូលរួមប្រើប្រាស់ប្រព័ន្ធ SARMIS ឱ្យ បានពេញលេញ សម្រាប់រៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ។ឯកឧត្តមអភិបាលរងខេត្ត៖ បានថ្លែងអំណរគុណដល់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្ទាល់ ដែលកន្លង មកតែងតែផ្តល់ការគាំទ្រដល់រដ្ឋបាលខេត្តកណ្តាល ក្នុងការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យ សម្រេចបានវឌ្ឍនភាព និងផ្លែផ្កាជាបន្តបន្ទាប់ ក៏ដូចជាអគ្គលេខាធិការ ដ្ឋានគណៈកម្មាធិការដឹកនាំការងរាកែទម្រុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានផ្តល់កុំព្យូទ័រជូន ដល់រដ្ឋបាលឃុំ សង្កាត់នាពេលនេះ។ជំរាបជូនផងដែរថា៖ កុំព្យូទ័រដែលប្រគល់ទៅអោយរដ្ឋបាលឃុំ-សង្កាត់រួមមាន សង្កាត់តាខ្មៅ សង្កាត់ដើមមាន(ក្រុងតាខ្មៅ), ឃុំកណ្ដោក ឃុំគោកត្រប់ ឃុំទ្រា (ស្រុកកណ្ដាលស្ទឹង), ឃុំស្វាយរមៀត(ស្រុកខ្សាច់កណ្ដាល), សង្កាត់បាក់ដាវ សង្កាត់ព្រែកតាកូវ(ក្រុងអរិយក្សត្រ), សង្កាត់ព្រែកជ្រៃ(ក្រុងសំពៅពូន), ឃុំពុកឫស្សី(ស្រុកល្វាឯម), ឃុំតាលន់(ស្រុកស្អាង), ឃុំបែកចាន ឃុំពើក(ស្រុកអង្គស្នួល), និងឃុំភ្នំបាត ឃុំទំនប់ធំ(ស្រុកពញាឮ)។









