------------ថ្លែងក្នុងឱកាស បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆមាសទី១ ឆ្នាំ២០២៦ និងលើកទឹសដៅដើម្បីអនុវត្តបន្ត សំរាប់ឆមាសទី២ ឆ្នាំ២០២៦ របស់មន្ទីរព័ត៌មានខេត្តកណ្តាល នៅថ្ងៃទី៣០ មិថុនា នេះ លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មាន ខេត្តកណ្តាល បានកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្ត្រីក្រោមឱវាទទាំងអស់ ដែលសំរេចបានលទ្ធផលល្អប្រសើរ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះការងារ ភារកិច្ចរបស់ខ្លួន ។ ទន្ទឹមនឹងនេះ លោកប្រធានមន្ទីរ បានជំរុញឲ្យគ្រប់បណ្តាការិយាល័យ ត្រូវគោរពវិន័យនិង ពង្រឹងសមត្ថភាពការងារ ព្រមទាំងពង្រីកការផ្សព្វផ្សាយព័ត៌មាន ឲ្យបានទាន់ពេលវេលា មានភាពត្រឹមត្រូវនិងមានប្រសិទ្ធភាពខ្ពស់ ។ជាមួយគ្នានេះ លោកប្រធានមន្ទីរ លើកឡើងថា ការអភិវឌ្ឍបច្ចេកវិទ្យា បញ្ញាសិប្បនិមិត្ត AI កំពុងក្លាយជាឧបករណ៍ដ៏មានសារៈសំខាន់ ក្នុងវិស័យព័ត៌មាន និងជួយអ្នកសារព័ត៌មានបានច្រើន ក្នុងការសំរួលដល់ការរៀបចំខ្លឹមសារ ការសង្ខេបឯកសារ និងការកែសំរួលអក្ខរាវិរុទ្ធ និងការបង្កើនប្រសិទ្ធភាពការងារ ។លោកប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាល ក៏បានណែនាំ ដល់មន្ត្រីព័ត៌មានទាំងអស់ ត្រូវបង្កើនសមត្ថភាព ក្នុងការប្រើប្រាស់ អនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI ក្នុងការផលិតព័ត៌មាន ប្រកបដោយ ក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍ នៃបច្ចេកវិទ្យាឌីជីថល ស្របតាមគោលការណ៍ របស់រដ្ឋបាលខេត្ត ទិសដៅ របស់ក្រសួងព័ត៌មាន និងគោលនយោបាយ របស់រាជរដ្ឋាភិបាល ៕









