រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

មពិធីសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស»ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ចូលរួមពិធីសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ) ស្ថិតក្នុងភូមិជ័យឧត្តម ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។ជាទីសក្ការៈបូជាដ៏មានវ័យចំណាស់មួយ ព្រះវិហារនេះត្រូវបានសាងសង់ឡើងដំបូងនៅស.វទី១៧ នាសម័យឧដ្ដុង្គ ដោយសង់លើគ្រឹះប្រាសាទចាស់នាស.វទី១១ សម័យអង្គរ ក្នុងរចនាបថឃ្លាំង។ ព្រះវិហារមានទំហំធំស្កឹមស្កៃដែលមានបណ្តោយ ៣៩.២ម៉េត្រ ទទឹង ២២.៣ម៉ែត្រ និងកម្ពស់ ២៣.៦ម៉ែត្រ។ នៅខាងក្នុងព្រះវិហារគឺមានព្រះពុទ្ធរូបមួយអង្គធំកម្ពស់ ១៨ហត្ថ (១៦.៧៩ម៉ែត្ររាប់ទាំងកម្ពស់បល្ល័ង្គ) ដែលមានន័យថា អដ្ឋរស្ស ទើបព្រះវិហារត្រូវបានហៅថា ព្រះវិហារអដ្ឋរស្ស ។ដោយសារប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមជាច្រើនទម្រាំទទួលបានសន្តិភាពដូចសព្វថ្ងៃនេះ ព្រះវិហារអដ្ឋរស្សនេះក៏ត្រូវបានជួសជុលជាច្រើនហូរហែរ រហូតដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រគល់គម្រោងជួសជុលកែលម្អស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទើបព្រះវិហារត្រូវបានជួសជុលរួចរាល់ទាំងស្រុងនៅថ្ងៃនេះ។ ដើម្បីចូលរួមថែរក្សាក៏ដូចជាផ្សព្វផ្សាយមរតវប្បធម៌ ព្រះវិហារត្រូវបានប្រែក្លាយជាសារមន្ទីរដែលមានតាំងបង្ហាញនូវប្រតិមាព្រះពុទ្ធ ទេពប្រណម្យ និងវត្ថុសាសនាផ្សេងៗ ដែលមានប្រភពមកពីចេតិយព្រះបាទអង្គអេង និងព្រះបាទអង្គសត្ថា រួមទាំងវត្ថុបុរាណនានាកាលពីសម័យឧដ្តុង្គផងដែរ។ជាការពិតណាស់ រាជរដ្ឋាភិបាលកម្ពុជាដោយមានការដឹកនាំប្រកបដោយគតិបណ្ឌិតយ៉ាងឈ្លាសវៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដោយបានកំណត់ថាសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ។ បន្ថែមពីលើនេះ សម្តេចធីបតី និងលោកជំទាវបណ្ឌិត ជំរុញជាប់ជាប្រចាំនូវការស្វែងរក ថែរក្សា ការពារវត្ថុបុរាណដែលជាកេរដំណែលដូចតាខ្មែរ ហើយបំផុសស្មារតីប្រជាជនខ្មែរឱ្យនាំគ្នាស្វែងយល់ និងថែទាំឱ្យបានល្អផូរផង់សម្រាប់កូនចៅខ្មែរជំនាន់ក្រោយៗផងដែរ៕

អត្ថបទទាក់ទង