+++++++ខេត្តកណ្តាល៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានស្នើអោយមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យ និងពិភាក្សាអោយបានល្អិតល្អន់ និង គ្រប់ជ្រុងជ្រោយក្នុងការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ធ្វើយ៉ាងណាសមស្របទៅនឹងច្បាប់ និងគោលការណ៍ណែនាំនានា សំដៅជ្រើសរើសបានទណ្ឌិតដែលបានស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោស ជាអ្នកមានការតាំងចិត្តកែប្រែខ្លួនអោយក្លាយ ជាពលរដ្ឋល្អក្នុងសង្គមជាតិពិតប្រាដកអាចរស់នៅប្រកបដោយសេចក្តីសុខជាមួយក្រុមគ្រួសារ ក៏ដូចជាក្នុងសង្គមទាំងមូល។ឯកឧត្តម អភិបាលរងខេត្តកណ្ដាល បានស្នើឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាស ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ នៅសាលប្រជុំសាលាខេត្តកណ្តាល។ឯកឧត្តមអភិបាលរង បានលើកឡើងថា ទណ្ឌិតទាំងឡាយដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមលក្ខខណ្ឌកំណត់ដោយច្បាប់ ត្រូវភ្ញាក់រលឹកខិតខំកែប្រែគំនិតមាយាទឱ្យក្លាយទៅជាពលរដ្ឋសុចរិត ដើម្បីធ្វើសមាហរណកម្មចូលរួមរស់នៅក្នុងសង្គមវិញ គោរពប្រតិបត្តិបានយ៉ាងហ្មត់ចត់ និងត្រឹមត្រូវ តាមបញ្ជាផ្ទៃក្នុងរបស់ពន្ធនាគារ និងជាគម្រូល្អដល់ទណ្ឌិត និងជនជាប់ឃុំដទៃទៀត ចូលរួមអនុវត្តយ៉ាងសកម្ម និងទៀតទាត់នូវកម្មវិធីអប់រំកែប្រែ កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងកម្មវិធីសមាហរណកម្ម ។ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ឯម និមល ប្រធានពន្ធនាគារខេត្ត បានឱ្យដឹងថា អង្គភាពពន្ធនាគារខេត្តកណ្ដាលបានជ្រើសយកទណ្ឌិតចំនួន ៣២នាក់ ស្រី ០៧នាក់ មកដាក់ជូន គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យឯករាជ្យ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ ជាលទ្ធផលទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោសរយៈពេល ៣ខែមានចំនួន ២៣នាក់សម្រេចអោយ ២២នាក់ (ស្រី ០៤នាក់) ទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោសរយៈពេល ៦ខែមានចំនួន ០៣នាក់ សម្រេចអោយ ០៣នាក់ (ស្រី ០២នាក់) ទណ្ឌិតស្នើសុំបន្ទូរបន្ថយទោសរយៈពេល ៩ខែមានចំនួន ០២នាក់គ្មាន ទណ្ឌិតស្នើសុំបន្ទូរបន្ថយទោសរយៈពេល ១២ខែមាន ០៣នាក់ សម្រេចអោយ ០២នាក់ (ស្រី ០១នាក់) និងទណ្ឌិតសុំលើកលែងទោល ០១នាក់ សម្រេចអោយ ០១នាក់។គួរបញ្ជាក់ដែរថា ព្រះរាជាណាចក្រកម្ពុជា បានកំណត់យកពិធីបុណ្យចំនួន០៥ សំរាប់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសឱទណ្ឌិត ក្នុងនោះមាន ៖
១/ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា។
២/ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
៣/ពិធីបុណ្យវិសាខបូជា។
៤/ពិធីបុណ្យឯករាជ្យជាតិ។
៥/ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។








