រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយស្តីពី កិច្ចដំណើរការការិយាល័យប្រជាពលរដ្ឋខេត្តកណ្តាល

++++++++++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ការិយាល័យប្រជាពលរដ្ឋខេត្តកណ្ដាល បានធ្វើការផ្សព្វផ្សាយអំពីកិច្ចដំណើរការការិយាល័យប្រជាពលរដ្ឋខេត្ត ជូនថ្នាក់ដឹកនាំមន្ទីរ និងទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ដោយបានការអញ្ជើញចូលរួមពី តំណាងក្រសួងមហាផ្ទៃ ឯកឧត្តម-លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត មន្ទីរជុំវិញខេត្ត និងតំណាងសភាពាណិជ្ជកម្មខេត្តកណ្ដាល-កំពង់ឆ្នាំងផងដែរ។ថ្លែងក្នុងពិធីបើកឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានឱ្យដឹងថា ៖ គោលនយោបាយសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជាស្នូលនៃ យុទ្ធសាស្ត្រនេះផ្តោតលើការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច អោយប្រែក្លាយជារដ្ឋបាលសាធារណៈ ទំនើប ប្រកបដោយសមត្ថភាពខ្ពស់ និងស្អាតស្អំ ដោយផ្តោតទៅលើ (ទី១) ការពង្រឹង និងការកែទម្រង់ ស្ថាប័ន (ទី២) ការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងសមត្ថភាពនៃការអនុវត្តការងារ (ទី៣) ការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំ នៅក្នុងរដ្ឋបាលសាធារណៈ (ទី៤) ការពង្រឹង អភិបាលកិច្ចវិស័យឯកជន និងធុរកិច្ច (ទី៥) ការលើកកម្ពស់ និងការពង្រឹងប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌ ។ឯកឧត្តមបានបន្តទៀតថា៖ កិច្ចប្រជុំផ្សព្វផ្សាយស្តីពី “កិច្ចដំណើរការការិយាល័យប្រជាពលរដ្ឋខេត្តកណ្តាល” នាពេលនេះ ក្នុងគោលបំណងធ្វើអោយប្រជាពលរដ្ឋ និងមន្ត្រីរាជការ បានជ្រួតជ្រាបពីសមត្ថកិច្ច តួនាទី ភារកិច្ច សិទ្ធិអំណាច និងរបៀបរបបបំពេញការងារ របស់ការិយាល័យប្រជាពលរដ្ឋ ដើម្បីជំរុញ លើក ទឹកចិត្តអោយប្រើប្រាស់យន្តការនេះ សម្រាប់សម្រុះសម្រួលដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ ពាក់ព័ន្ធ នឹងការងារគ្រប់គ្រងរដ្ឋបាល និងការផ្តល់សេវាសាធារណៈ នៅរដ្ឋបាលរាជធានី ខេត្ត ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព សំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានបញ្ជាក់បន្ថែមទៀតថា ៖ ការរៀបចំអោយមានការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីលើកកម្ពស់ អភិបាលកិច្ចល្អក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន ដែលជាផ្នែកមួយនៃការកែ ទម្រង់ស្ថាប័ន និងលើកកម្ពស់ភាពស្អាតស្អំ របស់រដ្ឋបាលសាធារណៈ ។ ការិយាល័យប្រជាពលរដ្ឋ គឺជាផ្នែក មួយនៃការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីពង្រឹងការទទួលខុសត្រូវរបស់ ក្រុមប្រឹក្សា តាមរយៈការផ្តល់ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ អាចដោះស្រាយសំណើ និងសំណូមពរជូន ប្រជាពលរដ្ឋ ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ។លោក ញឹម វណ្ណឌិន ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកណ្ដាលបានឲ្យដឹងថា៖ការិយាល័យប្រជាពលរដ្ឋខេត្តកណ្ដាល ដំណើរការ រហូតដល់ បច្ចុប្បន្ននេះបាន ដំណើរការយ៉ាងរលូន និងបានខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ជាក់ស្តែងតាំងពីឆ្នាំ២០២០ មកទល់នឹង៥ខែ ឆ្នាំ២០២៦ យើងទទួល បានពាក្យបណ្ដឹង និងព័ត៌មានផ្សេងៗចំនួន ១,៣២៧ករណី (បណ្ដឹង៨៩៧ករណី ព័ត៌មានផ្សេងៗ ៤៣០ករណី) ព្រមទាំងបញ្ចប់ការសម្រុះសម្រួលដោះស្រាយរួចរាល់ជាស្ថាពរបណ្តឹងក្នុងសមត្ថកិច្ចចំនួន ៤៤៦ករណី ។ ជាលទ្ធផល ការិយាល័យប្រជាពលរដ្ឋខេត្តកណ្តាល ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ ជ័យលាភីលេខ៣ ប្រចាំឆ្នាំ២០២២ និងទទួលបានជ័យលាភីលេខ២ ប្រចាំឆ្នាំ២០២៣ និងទទួលបានជា ខេត្តជាប់ចំណាត់ថ្នាក់ ក្នុងចំណោមខេត្តគោលដៅទាំង៥ ដែលមានពិន្ទុខ្ពស់ជាងគេនៅឆ្នាំ២០២៤ ។ក្រៅពីការបំពេញការងារអចិន្ត្រៃយ៍ ការិយាល័យប្រជាពលរដ្ឋខេត្ត បានចាត់ចែងមន្ត្រីប្រចាំការ នៅតុពិសេស ក្នុងអង្គភាពច្រកចេញចូលតែមួយខេត្ត ក្នុងគោលបំណងឃ្លាំមើលអំពីដំណើរការផ្តល់សេវា រដ្ឋបាល របស់អង្គភាពច្រកចេញចូលតែមួយ ទទួលពាក្យបណ្ដឹង និងព័ត៌មានផ្សេងៗ ព្រមទាំងធ្វើការ សម្រុះសម្រួលដោះស្រាយបណ្ដឹងភ្លាមៗ ជូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងការផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រក ចេញចូលតែមួយ និងការបំពេញការងារ និងអាកប្បកិរិយារបស់បុគ្គលិកអង្គភាពច្រកចេញចូលតែមួយ ។

អត្ថបទទាក់ទង