ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម ខណៈដែលរដូវវស្សានេះ ជំងឺគ្រុនឈាមបានផ្ទុះរីករាលដាល ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បើមានការសង្ស័យសូមទៅជួបក្រុមគ្រូពេទ្យជំនាញ ដើម្បីធ្វើការពិនិត្យ និងព្យាបាលឱ្យទាន់ពេលវេលា សូមកុំបន្តព្យាបាលនៅផ្ទះឱ្យសោះ ព្រោះជំងឺគ្រុនឈាម ប្រសិនបើយើងបណ្ដែតបណ្ដោយ នោះធ្វើឱ្យយើងអាចប្រឈមឬឈានដល់ការបាត់បង់ជីវិត។ ការលើកឡើងនេះក្នុងឱកាសដែលឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល អញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា ក្នុងវិស័យអប់រំ នៅក្រុងសំពៅពូន ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន សំពៅពូន ស្ថិតក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។ ជាមួយគ្នានេះដែរឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានណែនាំដល់មន្ទីរសុខាភិបាលខេត្ត ក្រុមគ្រូពេទ្យគ្រប់មន្ទីរពេទ្យបង្អែក និងគ្រប់មណ្ឌលសុខភាពទាំងអស់ ត្រូវយកចិត្តទុកដាក់តាមដាននូវសញ្ញានៃជំងឺគ្រុនឈាមនេះ ដើម្បីធ្វើការបន្តពិនិត្យ និងព្យាបាលប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ បន្ថែមពីនេះមន្ទីរសុខាភិបាលខេត្ត ត្រូវធ្វើការអប់រំស្តីអំពីវិធានការការពារជំងឺគ្រុនឈាមដល់សហគមន៍ និងតាមសាលារៀន។ ចុះបាញ់ថ្នាំសម្លាប់មូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមនៅតំបន់មានការរាតត្បាតជំងឺគ្រុនឈាម និងបន្តរការដាក់ថ្នាំអាបេតនៅតំបន់មានការកើនឡើងនៃជំងឺគ្រុនឈាម។








