រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សិក្ខាសាលាជំរុញការអនុវត្តគោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ ២០២៣-២០២៨ និងការសមាហរណកម្មក្នុងផែនការវិនិយោគ ៣ឆ្នាំរំកិល

++++++++++ខេត្តកណ្តាល៖ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត បានរៀបចំសិក្ខាស្តីពី ការជំរុញការអនុវត្តគោលនយោបាយជាតិបញ្ជ្រៀបអេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ និងការសមាហរណកម្មផែនការអេដស៍ ក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល ក្រុង/ស្រុក ឃុំ/សង្កាត់ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាខេត្តកណ្តាល។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត បានបញ្ជាក់ថា៖ សិក្ខាសាលាជំរុញការអនុវត្តគោលនយោបាយបញ្ជ្រៀបអេដស៍ និងចីរភាពកម្មវិធីអេដស៍ ២០២៣-២០២៨ និងការសមាហរណកម្មក្នុងផែនការវិនិយោគ ៣ឆ្នាំរំកិលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ធ្វើការពិគ្រោះយោបល់ ណែនាំ ជំរុញដល់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រុង-ស្រុក-ឃុំ-សង្កាត់ លើដំណើរការ នៃការរៀបចំផែនការចីរភាពនៃកម្មវិធីអេដស៍ ដើម្បីបង្កើតបានជាតារាងម៉ាទ្រិចផែនការ ទូទាំងខេត្តប្រចាំឆ្នាំ២០២៦-២០២៧ ដែលាមានធាតុចូលពីឃុំ-សង្កាត់-ក្រុង-ស្រុក ថ្នាក់ខេត្ត និងអង្គ ការពាក់ព័ន្ធជាដៃគូ សម្រាប់ផ្ញើទៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ ឯកឧត្តមអភិបាលរងខេត្ត បានបន្តទៀតថា៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦ តាមរយៈកិច្ចប្រឹងប្រែងរួមគ្នា ជាលទ្ធផលនៃការអនុវត្តគោល នយោបាយលើគោលដៅ៩៥-៩៥-៩៥ ខេត្តកណ្តាលសម្រេចបាន៩២-១០០-៩៨។ ជារួមខេត្ត/ក្រុង/ស្រុក បានបង្កើតធ្វើបច្ចុប្បន្នភាព និងធ្វើឱ្យដំណើរការគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍តាមឋានានុក្រម។ ដោយឡែក ក្រុង/ស្រុក/ឃុំ/សង្កាត់ភាគច្រើន មិនទាន់បានដាក់បញ្ចូលផែនការឆ្លើយនឹងជំងឺអេដស៍ និងការងារសុខភាពបឋម។ លេខាធិការដ្ឋានអេដស៍ខេត្ត សហការជាមួយអង្គការដៃគូ ក៏បានខិតខំធ្វើការបញ្ជៀបការយល់ដឹងអំពីមេរោគអេដស៍ និងអំពីការរើសអើងអ្នកផ្ទុកមេរោគអេដស៍ផងដែរ។ ឯកឧត្តមបានបន្ថែមថា៖ ទីតាំងធ្វើតេស្ត និងទីតាំងធ្វើតេស្តបញ្ជាក់មេរោគអេដស៍មានចំនួន៣កន្លែង (មន្ទីរពេទ្យជ័យជំនះ តេជោសែនកោះធំ និងមន្ទីរពេទ្យបង្អែកកៀនស្វាយ) និងទីតាំងធ្វើតេស្តមេរោគអេដស៍ និងមេរោគស្វាយ ចំនួន១០៧កន្លែង (នៅតាមមណ្ឌលសុខភាព) ដែលផ្តោតការធ្វើតេស្តលើគោលដៅស្ត្រីមានផ្ទៃពោះ និងដៃគូរបស់ពួកគាត់។ ទន្ទឹមនឹងនេះ ការផ្តល់សេវាប្រឹព(PrEP ជាវិធីបង្ការមុនពេលប្រព្រឹត្តប្រឈម) ក៏មានកំណើន ក៏ប៉ុន្តែមិនទាន់ដល់គោលដៅដែលបានកំណត់នៅឡើយ ដោយបច្ចុប្បន្នមានអតិថិជន មកទទួលសេវាប្រឹព ត្រឹមតែ១ ៦៥៣នាក់ ប៉ុណ្ណោះ ។ ចំណុចល្អសម្រាប់កម្ពុជា គឺការដាក់ឱ្យប្រើប្រាស់ ឱសថ កាបូតេក្រាវៀ ប្រភេទចាក់ ដែលចាក់១ដងមានប្រសិទ្ធភាព២ខែ (CAB-PrEP: ជាវិធីបង្ការមុន ពេលប្រព្រឹត្តប្រឈម)។ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ ឃុំ សង្កាត់ និងក្រុង ស្រុក គឺជាតួអង្គដ៏សំខាន់ និងនៅកៀកផ្ទាល់ជាមួយប្រជាពលរដ្ឋ។ ការសមាហរណកម្មផែនការសកម្មភាពបង្ការ ការពារ និងថែទាំអ្នកផ្ទុកមេរោគអេដស៍ ទៅក្នុង កម្មវិធីវិនិយោគ៣ឆ្នាំរំកិល គឺជាសោភ័ណភាពនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ឯកឧត្តម បានអំពាវនាវដល់ មេឃុំ ចៅសង្កាត់ និងអភិបាលក្រុង ស្រុកទាំងអស់ ត្រូវតែបញ្ចូលការងារប្រយុទ្ធនឹងជំងឺអេដស៍ទៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលរបស់ខ្លួនឱ្យខានតែបាន និងត្រូវបែងចែកកញ្ចប់ថវិកាគាំទ្រសកម្មភាពទាំងនេះជាក់ស្តែង ចាប់ពីឆ្នាំនេះតទៅ ដើម្បីបង្ហាញពីភាពជាម្ចាស់ និងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋយើងពិតប្រាកដ។ សូមបញ្ជាក់ផងដែរថា៖ ការគ្របដណ្តប់របបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល ដល់អ្នកផ្ទុកមេរោគ អេដស៍ ក្នុងខេត្តមានចំនួន ២ ៣៩៩នាក់ (ស្រី ១ ១៧៧នាក់) ឬប្រមាណ ៨៨% នៃចំនួនផ្ទុកមេរោគ អេដស៍ក្នុងខេត្ត។ ចំណែកឯការបញ្ជាបការយល់ដឹងបានធ្វើនៅតាមក្រុង ស្រុក សហគមន៍ បានធ្វើការបញ្ជាបការយល់ដឹងអំពីមេរោគអេដស៍ និងជំងឺអេដស៍ និងការមិនរើសអើងអ្នកផ្ទុកមេរោគអេដស៍។ ដើម្បីឱ្យខេត្តកណ្តាលសម្រេចនូវគោលដៅ៩៥%ទី១ ដែលនៅខ្វះ៣%ទៀត ប្រមាណ ៤២៥នាក់៕

អត្ថបទទាក់ទង