++++++++++++++ខេត្តកណ្តាល៖ ក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល រៀបចំកិច្ចប្រជុំផ្សព្វផ្សាយបើកការិយាល័យបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តកណ្តាល អាណត្តិទី១ លើកទី១ ដែលកិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតី ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល និងឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា។ ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ខុន សេរីរដ្ឋា បានបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីធ្វើឱ្យការបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តកណ្តាល សម្រាប់អាណត្តិទី១ លើកទី១នេះ ដំណើរការទៅដោយមានភាពជោគជ័យ និងជាការផ្តល់ឱកាសឱ្យពាណិជ្ជករ អាជីវករ មានការចាប់អារម្មណ៍ក្នុងការចូលរួមជាបេក្ខភាព ឬចង់ស្វែងយល់កាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃការចូលជា សមាជិកនៃសភាពាណិជ្ជកម្មបានកាន់តែច្រើនឡើងផងដែរ។ ឯកឧត្តមអភិបាលរងខេត្ត បានបញ្ចាក់បន្តថា សភាពាណិជ្ជកម្មខេត្តកណ្តាល បានបំបែកចេញពីខេត្តកំពង់ឆ្នាំងហើយ ដើម្បីធ្វើសកម្មភាពជាផលប្រយោជន៍ខាងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាកម្មក្នុងមណ្ឌលរបស់ខ្លួនបានកាន់តែល្អប្រសើរឡើង តាមរយៈអនុក្រឹត្យ ស្តីពីការបង្កើតសភាពាណិជ្ជកម្មខេត្តកណ្តាល ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ។ ឯកឧត្តមអភិបាលរងខេត្ត បានឱ្យដឹងថា បើគិតត្រឹមឆ្នាំ២០២៥ ខេត្តកណ្តាល មានផលិតផលក្នុងស្រុកសរុបចំនួន ៤២៥៩លានដុល្លារ គិតជា GDP សម្រាប់មនុស្សម្នាក់មានចំនួន ៣០០៦ដុល្លារ មានកំណើនសរុបចំនួន ៦,៣%។ឯកឧត្តមអភិបាលរងខេត្ត បានឱ្យដឹងទៀតថា ខេត្តកណ្តាល បានដំណើរការបោះឆ្នោតសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្តាល-កំពង់ឆ្នាំង បានចំនួន ៤លើក រួចមកហើយ ដោយឡែកសម្រាប់ដំណើរការនៃការរៀបចំការបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តកណ្តាល អាណត្តិទី១ លើកទី១នេះ គឺតម្រូវឱ្យជ្រើសរើសសមាជិកថ្មីចំនួន ១៥ រូប។ ថ្លែងនៅក្នុងពិធីនេះដែរ ឯកឧត្តម ម៉ៅ ថូរ៉ា បានណែនាំពីនីតិវិធី និងដំណើការបោះឆ្នោតដែលមានដូចជា ការបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្តាល ការចាប់លេខរៀង និងរៀបចំសន្លឹកឆ្នោត ថ្ងៃស ការផ្អាកឃោសនា និងរៀបចំការិយាល័យបោះឆ្នោត ថ្ងៃបោះឆ្នោត និងប្រកាសលទ្ធផល។បន្ថែមពីលើនេះ ឯកឧត្តម ម៉ៅ ថូរ៉ា បានណែនាំបន្ថែមពីលក្ខខណ្ឌដល់អ្នកដែលបានឈរជាសមាជិកជ្រើសតាំង និងចុះឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មមណ្ឌលខេត្តទាំងអស់ ត្រូវតែគោរពតាមលក្ខខណ្ឌ និងគោលការណ៍ ដែលក្រសួងបានកំណត់ ដើម្បីឱ្យការបោះឆ្នោតប្រកបទៅដោយរលូន និងទទួលបានបេក្ខជនដែលសមត្ថភាពមកបន្តអាណត្តិការងាររបស់សភាពាណិជ្ជកម្ម ក៏ដូចជាចូលរួមនៅក្នុងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។សូមបញ្ជាក់ថា ការទទួលពាក្យចុះឈ្មោះអ្នកចូលរួមបោះឆ្នោត និងបេក្ខជនឈរឈ្មោះជាសមាជិកជ្រើសតាំង នឹងចាប់ផ្តើមចាប់ពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ បិទបញ្ជីឈ្មោះត្រឹមម៉ោង ១៧:០០ ល្ងាច ។ សម្រាប់កម្មវិធីបោះឆ្នោត និងប្រកាសលទ្ធផល នឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែសីហា ២០២៦។









