+++++++++ខេត្តកណ្តាល៖នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយបងប្អូនប្រជាកសិករ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ ដោយមានការអញ្ជើញចូលរួមពី អាជ្ញាធរស្រុក ក្រុមការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត ការិយាល័យកសិកម្មស្រុក លោក-លោកស្រី មេឃុំ-មេភូមិ និងបងប្អូនប្រជាកសិករផងដែរ។មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា៖ ការជួបជុំនាថ្ងៃនេះ ក្នុងគោលបំណង ស្តាប់ពីកង្វល់របស់បងប្អូនលើវិស័យកសិកម្មហើយទោះបីជាស្រុកអង្គស្នួលមានសេដ្ឋកិច្ចរីកចម្រើនផ្នែកឧស្សាហកម្មច្រើននិងសេវាកម្ម ប៉ុន្តែក៏មិនភ្លេចកសិកម្មទេ ដែលត្រូវការដាំដុះឲ្យបានកាន់ច្រើនសម្រាប់បង្កើនជីវភាពប្រជាកសិករនិងការរស់នៅប្រចាំថ្ងៃ។ សព្វថ្ងៃនេះវិស័យកសិកម្មនៅតែជាវិស័យមួយក្នុងចំណោម សសរស្តម្ភ៣ជាជន្ទល់សេដ្ឋកិច្ចរួមមាន វិស័យវាយនភណ្ឌកាត់ដេរ វិស័យទេសចរណ៍និងសេវកម្ម្ម លើសពីរនេះផលិតកម្មស្រូវក៏បានបន្តកើនឡើងជាបន្តបន្ទាប់ ដែលជាក់ស្តែងកាលពីឆ្នាំ២០២៥ កម្ពុជាយើងនាំចេញអង្ករទៅទីផ្សារអន្តរជាតិបានជាង៩៤ម៉ឺនតោនទៅកាន់គោលដៅជាង៦០ ផ្នែកកសិកម្ម គឺទៅណាមិនឆ្ងាយពីកសិកម្មនោះឡើយ ដូចមិនថា ការចិញ្ចឹមសត្វ ធ្វើស្រែ នឹងការកែច្នៃ បានជួយជំរុញសេដ្ឋកិច្ចក្នុងស្រុកផងដែរ។ឯកឧត្តមបណ្ឌិតប្រតិភូបានអំពាវនាវដល់កសិករនៅស្រុកអង្គស្នួល និងកសិករផ្សេងទៀត ត្រូវចេះគិតថ្លៃដើមផលិត ដោយចេះសន្សំថ្លៃដើមចំណាយ ទើបធ្វើកសិកម្មមិនខាត ស្របពេលការឡើងថ្លៃប្រេងឥន្ធន: លើពិភពលោកនិងជីគីមីបានជំរុញការចំណាយលើកសិកម្មកាន់តែខ្ពស់ ដូច្នេះកសិករយើងត្រូវងាកមករួមគ្នាផលិតជីធម្មជាតិ ដើម្បីកាត់បន្ថយការចំណាយ។ បងប្អូនប្រជាកសិករអាចចូលរួមជាមួយសមាគមបណ្តាញកសិករតេជោបាន ជាស្ពានស្វែងរកប្រភពហិរញ្ញវត្ថុ, ការទទួលបាននូវបច្ចេកទេស និងព័ត៌មានថ្មីៗ, ចម្លងសំលេង និងក្តីបារម្ភពីប្រជាកសិករជូនថ្នាក់ដឹកនាំ, និងជាស្ពានតភ្ជាប់ទៅកាន់ឱកាសផ្សេងទៀត ឆ័ត្រ ឬខែល សម្រាប់កសិករជ្រក ពោលគឺចូលរួមការពារភាពត្រឹមត្រូវ ឬស្របច្បាប់របស់កសិករ ឬការពារពីការរំលោភបំពាន គៃចំណេញលើកសិករ។ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្ដាលបានបញ្ជាក់ថា៖ ខេត្តកណ្តាលមានប្រជាជនសរុប ១.៣៨៤.៤០០ នាក់ អ្នកប្រកបរកសិកម្មមានចំនួន ២៩% ផ្នែកសេវាកម្ម ២៦% និងផ្នែកឧស្សាហកម្ម-សិប្បកម្ម ៤៥% អ្នកធ្វើកសិកម្មសរុប ២៥៨ ៩៦២នាក់ មុខរបរធ្វើស្រែមានចំនួន ២១,៨% ដាំដំណាំចំការរយៈពេលខ្លី និងវែង ១៤,៦% អ្នកដាំដំណាំបន្លែ ៤% អ្នកចិញ្ចឹមសត្វ ២,៤% និងអ្នកនេសាទ ២,៧% ដែលវិស័យកសិកម្មអាចរកចំណូលគិតជាមធ្យមចំនួន ៣៩៣ លានដុល្លារ/ឆ្នាំ ដែលអាចចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅក្នុងខេត្តកណ្តាលមកត្រឹមតែ ៤,១៦%។ ឯកឧត្តមអភិបាលរងខេត្តបានបន្តថា៖ចំពោះការចិញ្ចឹមសត្វនៅក្នុងខេត្តកណ្តាលបែងចែកជាពីរ គឺការចិញ្ចឹមលក្ខណៈគ្រួសារ និងលក្ខណៈកសិដ្ឋានដែលមាន ចំនួនដូចខាងក្រោម៖ គោសរុប ៣៩.១២១ ក្បាល ក្របីសរុប ១.៦៤៤ក្បាល ជ្រូកសរុប ៣២.១៩៧ ក្បាល មាន់ ១.៩៥០.៥៦៣ក្បាល ទា និងបក្សីផ្សេងៗ ៥៤៣.៩៩៥ ក្បាល ពពែ និងច្រៀម ៦.២៩១ក្បាល៕








