+++++++++ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ន (ARDB) និងឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា៖ ការជួបជុំនៅថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណង ណែនាំពីសមាគមបណ្តាញកសិករតេជោ ជាខែលការពារកសិករមិនឱ្យរងា ក្នុងករណីមានការរំលោភបំពានដោយខុសច្បាប់ណាមួយ។សមាគមបណ្តាញកសិករតេជោ ជាស្ពានចម្លងផ្នែកហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងកម្ចីកសិកម្មក្នុងវិស័យដាំដុះ និងចិញ្ចឹមសត្វ ដែលមានធនាគារ ARDB ចាំជួយសម្របសម្រួលកសិករគ្រប់ពេល ទាំងផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងទីផ្សារ។ ហើយការធ្វើកសិកម្មដែលទទួលបានផលចំណេញ ដោយជួយកសិករ ត្រូវដឹងពីរបៀបរកថ្លៃដើមផលិតឲ្យឃើញ ចេះសម្រេចចិត្តត្រឹមត្រូវក្នុងការលក់កសិផលថាចំណេញ ឬខាត។ ឯកឧត្តមបណ្ឌិតប្រតិភូបានមានប្រសាសន៍បន្តថា៖ កម្ពុជាមិនអាចគេចចេញពីវិស័យកសិកម្មបានទេ ក្នុងគ្រាដែលពិភពលោកកំពុងបាត់បង់សណ្តាប់ធ្នាប់និងភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ចសកល ដូច្នេះ កសិកម្មគឺជាឆ្នាំងបាយមិនត្រឹមតែសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឆ្នាំងបាយសម្រាប់ពិភពលោកផងដែរ។ ឯកឧត្ដមបណ្ឌិតប្រតិភូបានបន្ថែមថា៖ឥឡូវពិភពលោក កំពុងប្រឈមនឹងបញ្ហាតម្លៃប្រេងឥន្ធនៈ ជីឡើងថ្លៃដែលធ្វើឲ្យថ្លៃដើមផលិតក្នុងវិស័យកសិកម្មបានហក់ឡើងខ្ពស់ ដូច្នេះសូមកសិករពិចារណាក្នុងការស្វែងយល់ដោយខ្លួនឯង ក្នុងការប្រើប្រាស់ជីដែលចំណេញដល់ការធ្វើកសិកម្ម។ ដូច្នោះបងប្អូនប្រជាកសិករ គួរនាំគ្នាផលិតជីធម្មជាតិ និងជីកំប៉ុស ដោយខ្លួនឯងក្នុងសហគមន៍ឱ្យបានច្រើន ដើម្បីធានាគុណភាព និងសុវត្ថិភាព ដល់អ្នកបរិភោគ។ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានបញ្ជាក់ទៀតថា៖ បញ្ហាប្រឈមនាពេលបច្ចុប្បន្ន គឺជាឱកាសល្អសម្រាប់ការធ្វើកសិកម្ម ជាមុខរបរដែលកំពុងពេញនិយម ហើយយើងត្រូវតែបង្កើនការផលិត ផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់ គិតគូពីសុខភាពរបស់អ្នកប្រើប្រាស់ ដើម្បីឈានទៅដល់ការផ្គត់ផ្គង់ក្នុងស្រុកជំនួសការនាំចូល។ ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិតប្រតិភូ បានជំរុញឱ្យកសិករចូលជាសមាជិកសមាគមបណ្តាញកសិករតេជោ ដើម្បីផលប្រយោជន៍របស់កសិករ និងបានសំណូមពរដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធ ជួយសម្របសម្រួលឱ្យកសិករអាចចូលជាសមាជិកបានលឿនផងដែរ។ ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា៖ខេត្តកណ្តាលមានតម្រូវការអង្ករសម្រាប់ផ្គត់ផ្គង់ខេត្ត១៩៤.២០៥ តោន/ឆ្នាំ ដូចនេះបើធៀបនឹងផលិតផលអង្ករដែលកសិករផលិតបានបំពេញតម្រូវការទីផ្សាររបស់ខេត្តរួចរាល់ និងនៅសល់អាចនាំចេញអង្ករចំនួន ៣៩.៥៦៤តោន គិតជាស្រូវ ៦១.៨១៨ តោន។ ដំណាំដាំដុះ និងបន្លែគ្រប់មុខផលិតបានចំនួន ១៨៥.២២២តោន/ឆ្នាំ អាចផ្គត់ផ្គង់ទីផ្សារបានចំនួន ៥០៧,៤៦ តោន/ថ្ងៃ ។ ឯកឧត្តមអភិបាលរងខេត្តបានបន្តថា៖ចំពោះការចិញ្ចឹមសត្វនៅក្នុងខេត្តកណ្តាលបែងចែកជាពីរ គឺការចិញ្ចឹមលក្ខណៈគ្រួសារ និងលក្ខណៈកសិដ្ឋានដែលមាន ចំនួនដូចខាងក្រោម៖ គោសរុប ៣៩.១២១ ក្បាល ក្របីសរុប ១.៦៤៤ក្បាល ជ្រូកសរុប ៣២.១៩៧ ក្បាល មាន់ ១.៩៥០.៥៦៣ក្បាល ទា និងបក្សីផ្សេងៗ ៥៤៣.៩៩៥ ក្បាល ពពែ និងច្រៀម ៦.២៩១ក្បាល៕








