ខេត្តកណ្តាល៖ ដើម្បីពង្រឹងការគ្រប់គ្រងវិស័យសំណង់ អោយមានសោភ័ណភាព និងសុវត្ថិភាពសាធារណៈ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងជំរុញការអនុវត្តច្បាប់សំណង់ក្នុងភូមិសាស្ត្រខេត្តកណ្តាល នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅសាលាខេត្តកណ្តាល។ កិច្ចប្រជុំនេះមានការចូលរួមពី កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរក្រុង ស្រុកទាំង១៣ និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានជំរុញដល់អាជ្ញាធរមូលដ្ឋានត្រូវបន្តចុះពិនិត្យរាល់ការដ្ឋានសំណង់ឱ្យបានដល់កន្លែងដើម្បីធានាថាគ្រប់សំណង់ទាំងអស់មានច្បាប់អនុញ្ញាតត្រឹមត្រូវ និងអនុវត្តតាមប្លង់ដែលបានកំណត់ ក្នុងនោះត្រូវ ជម្រុញការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងម្ចាស់គម្រោងឱ្យមកដាក់ពាក្យស្នើសុំច្បាប់សាងសង់ឱ្យបានត្រឹមត្រូវនៅការិយាល័យច្រកចេញចូលតែមួយ មុននឹងចាប់ផ្តើមសកម្មភាពការដ្ឋាន ដើម្បីអភិវឌ្ឍន៍ខេត្តកណ្តាល ឱ្យកាន់តែមានមុខមាត់ថ្មី និងសូមជម្រុញឱ្យបន្តសហការជាមួយអាជ្ញាធរ ដើម្បីរួមគ្នាស្ថាបនាខេត្តយើងឱ្យកាន់តែរុងរឿង និងមានសណ្តាប់ធ្នាប់ល្អប្រសើរ។

