ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានដឹកនាំក្រុមការងារជំនាញ មន្ទីរជំនាញ កងកម្លាំងមានសមត្ថកិច្ច ចុះពិនិត្យ ពិភាក្សា ស្តីពីករណីសុំគោលការណ៍បើកដំណើរការ និងផ្តល់ការ គាំទ្រផ្នែកបច្ចេកទេសដល់មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀន គ្រឿងញៀន (ស្រុកស្អាង ខេត្តកណ្តាល)ពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ក្នុងការចុះពិនិត្យនេះឯកឧត្តម អភិបាលរងខេត្ត បានបញ្ជាក់ពីគោលបំណងគឺពិនិត្យមើលស្ថានភាពទូទៅ និងពិភាក្សាលើការសុំគោលការណ៍បើកដំណើរការឡើងវិញឱ្យស្របតាមស្តង់ដារ,ផ្តល់ប្រឹក្សាបច្ចេកទេសលើការថែទាំ និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនព្រោះគ្រឿងញៀនជាបញ្ហារួមរបស់យើងទាំងអស់គ្នា ការពង្រឹងមជ្ឈមណ្ឌលព្យាបាល គឺជាការចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ក្នុងសង្គម។ សូមបញ្ជាក់ផងដែរថា៖អគាររបស់មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀន គ្រឿងញៀន (ស្រុកស្អាង ខេត្តកណ្តាល)ដែលបានសាងសង់រួចរាល់មិនទាន់បានដំណើរការ ទើបរដ្ឋបាលខេត្តចុះពិនិត្យពីស្ថានភាពជាក់ស្តែងដើម្បីសុំគោលការណ៍បើកដំណើរការ កិច្ចការនេះគឺជាអាទិភាពខ្ពស់ក្នុងការឆ្លើយតបទៅនឹងបញ្ហាគ្រឿងញៀន តាមរយៈការកែប្រែឥរិយាបថ និងការបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនរងគ្រោះក្នុងគោលដៅរួមគឺ ការសង្គ្រោះ និងការស្តារឡើងវិញដើម្បីជួយដល់បងប្អូនដែលចង់កែខ្លួនឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គម៕




