រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំអឌ្ឍមាសទី១ ខែមីនា ឆ្នាំ២០២៦

++++++++++++ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាល ប្រចាំអឌ្ឍមាសទី១ ខែមីនា ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២៦នេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានកោតសរសើរដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានខិតខំក្នុងការងារបង្ក្រាបបទល្មើស Scam online ទទួលបានលទ្ធផលយ៉ាងល្អប្រសើរដោយមានការគ្រប់គ្រងបានល្អប្រសើរទៅលើទីតាំងដែលបានបិទសៀល និងបានគ្រប់គ្រងត្រួតពិនិត្យ ធ្វើឱ្យមិនមានការលួចលាក់ប្រព្រឹត្តបទល្មើស Scam online ថ្មីៗកើតឡើងបានទៀត នេះគឺជាភាពជោគជ័យមួយរបស់ខេត្តកណ្ដាលក្នុងការបង្ក្រាបបទល្មើស Scam online ក្នុងដំណាក់កាលទី១នេះ ។ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញ និងលើកទឹកចិត្ត ដល់កម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់អាជ្ញាធរក្រុង-ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធត្រូវបន្តការខិតខំក្នុងការងារបង្ក្រាបបទល្មើស Scam online ឱ្យបានជោគជ័យបន្ថែមទៀតនៅក្នុងដំណាក់កាលទី២ ធ្វើយ៉ាងណាត្រូវលុបបំបាត់ឱ្យអស់បញ្ហា Scam online ក្នុងមូលដ្ឋានខេត្តកណ្ដាល ស្របតាមឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះយ៉ាងម៉ឺងម៉ាត់ ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត។ ពាក់ព័ន្ធនិងបញ្ហាបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យានេះដែរ ឯកឧត្តមអភិបាលខេត្តបានស្នើដល់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត សូមជួយត្រួតពិនិត្យ តាមដានចំពោះការសុំភ្ជាប់អ៊ីនធឺណិតធំៗ ចាប់ពី ១០០មេឡើង ពីបណ្ដាកន្លែងស្នាក់នៅ អាគារជួលជាដើម ដែលគួរឱ្យសង្ស័យពាក់ព័ន្ធនិងបទល្មើស Scam online ត្រូវរាយការណ៍មកកាន់សមត្ថកិច្ចឱ្យបានទាន់ពេលវេលា។ ជាមួយគ្នានេះមន្ទីរទេសចរណ៏ខេត្ត និងអាជ្ញាធរក្រុង-ស្រុក ត្រូវសហការគ្នាចុះណែនាំដល់សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ត្រូវកត់ត្រានូវព័ត៌មាន រួមមានអត្តសញ្ញាណប័ណ្ណជាដើមរបស់ភ្ញៀវ ដើម្បីជាតំរុយដល់សមត្ថកិច្ចក្នុងការស្រាវជ្រាវបង្ក្រាបបទល្មើសនានា ហើយម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ក៏ត្រូវតែជួយសហការណ៏រាយការណ៍មកសមត្ថកិច្ចផងដែរក្នុងករណីដែលគួរឱ្យសង្ស័យ ពិសេសពាក់ព័ន្ធនិងបទល្មើសការជួញដូរមនុស្ស និងបទល្មើសផ្សេងៗទៀតផងដែរ។ ចំពោះបញ្ហាជួញដូរមនុស្ស សូមមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុក ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយនៅតាមកិច្ចប្រជុំធំៗ និងក្នុងវេទិការនានាដែលមានប្រជាពលរដ្ឋចូលរួមច្រើន ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងអំពីល្បិចកល វិធីសាស្រ្តលួងលោមបោកប្រាស់របស់ជនល្មើស ជួយឱ្យពួកគាត់ជៀសផុតពីការរងគ្រោះដោយអំពើជួញដូរមនុស្ស។ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់ រដ្ឋបាលក្រុង-ស្រុក ត្រូវបន្តខិតខំរៀបចំសណ្ដាប់ធ្នាប់ការលក់ដូរក្នុងតាមផ្លូវសាធារណៈ និងទប់ស្កាត់ការលក់ដូរលើចិញ្ចើមផ្លូវ ការដាក់តាំងផ្លាក ហើយរំលោភចិញ្ចឹមផ្លូវ ដែលបណ្ដាលឱ្យមានការកកស្ទះចរាចរណ៍ គ្មានសោភ័ណភាព គ្មានសណ្តាប់ធ្នាប់ និងមានភាពរញ៉េរញ៉ៃយ៉ាងខ្លាំង ដូច្នេះដើម្បីសោភ័ណភាព និងសេចក្តីថ្លៃថ្នូររបស់យើងទាំងអស់គ្នា អាជ្ញាធរក្រុង-ស្រុកទាំងអស់ត្រូវតែចាត់វិធានការដោះស្រាយឱ្យបានសមស្រប។

អត្ថបទទាក់ទង