ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល លើកទឹកចិត្តដល់យោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ដែលមានសមត្ថភាពផ្នែកបច្ចេកវិទ្យា និងទេពកោសល្យក្នុងការចេះប្រើប្រាស់បច្ចេកវិទ្យា នៅពេលចូលហ្វឹកហាត់សូមឱ្យសម្រួចចិត្ត និងខិតខំប្រឹងប្រែងដើម្បីស្វែងយល់ពីបច្ចេកវិទ្យា ព្រោះសង្គ្រាមបច្ចុប្បន្នគឺជាសមរភូមិបច្ចេកវិទ្យា។ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានលើកទឹកចិត្តបែបនេះ ក្នុងឱកាសដែលឯកឧត្ដម អញ្ជើញសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) លើកទី២ ចំនួន ១៥នាក់ ចូលហ្វឹកហ្វឺននៅវិទ្យាស្ថាន កងរាជអាវុធហត្ថ (កំបូល) នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល។ឯកឧត្តម គួច ចំរើន បន្តថា៖ បច្ចេកវិទ្យាពិតជាមានការចាំបាច់ក្នុងការការពារបូរណភាពទឹកដី ដូច្នេះប្រទេសយើងគឺពិតជាចាំបាច់ដែលត្រូវតែធ្វើការហ្វឹកហាត់ និងស្វែងរកអ្នកដែលមានសមត្ថភាពខាងការចេះដឹង និងការយល់ដឹង ទៅលើទេពកោសល្យខាងផ្នែកប្រព័ន្ធបច្ចេកវិទ្យា ដូចនេះសូមយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី សម្រួចចិត្ត ខិតខំប្រឹងប្រែងដើម្បីស្វែងយល់ពីបច្ចេកវិទ្យា ព្រោះសង្គ្រាមបច្ចុប្បន្នគឺជាសមរភូមិបច្ចេកវិទ្យា ប្រសិនបើយើងមិនយល់ដឹងលើបញ្ហានោះទេ បញ្ហាគ្រោះថ្នាក់នឹងនៅជិតយើង ប៉ុន្តែនៅពេលដែលយើងយល់ដឹងពីបញ្ហាបច្ចេកវិទ្យានេះច្បាស់លាស់ យើងអាចបញ្ជៀសនូវបញ្ហានេះឱ្យចាក់ឆ្ងាយពីគ្រោះថ្នាក់បាន ហើយថែមទាំងបង្កើតបាននូវគុណសម្បត្តិដ៏ធំធេង ដើម្បីរួមជាមួយយុទ្ធមិត្តរបស់យើងក្នុងការប្រយុទ្ធប្រឆាំងជាមួយពួកសត្រូវចំពោះមុខយើងបានជោគជ័យផងដែរ។ជាមួយគ្នានេះដែរ ឯកឧត្តម គួច ចំរើន បានអបអរសាទរដល់យុទ្ធជនស្ម័គ្រចិត្តមកពីខេត្តកណ្ដាល រាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង បានចូលបំពេញក្របខណ្ឌកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន១៥នាក់ ដែលត្រូវបានជ្រើរើសជាប់ជាលើកទី២ សម្រាប់ឆ្នាំ២០២៦នេះ ដោយឆ្លងកាត់ការប្រឡងនឹងធ្វើតេសកន្លងមក បញ្ជាក់ឱ្យឃើញថារាងកាយ ឬកាយសម្បទារបស់បងប្អូន មានភាពរឹងមាំសាកសមជាកងយោធពលខេមរភូមិន្ទរបស់កម្ពុជាយើង និងបានថ្លែងអំណរគុណដល់លោកឪពុក អ្នកម្ដាយ ព្រមទាំងសាច់ញាតិរបស់យុទ្ធជនស្ម័គ្រចិត្តរបស់យើងទាំង ១៥នាក់ ដែលបានសម្រេចចិត្តឱ្យកូនៗ ឬក្រុមគ្រួសារ ស្ម័គ្រចិត្តចូលរួមជាកងយុទ្ធពលខេមរៈភូមិន្ទ។ឯកឧត្តម គួច ចំរើន បានផ្ដាំផ្ញើដល់យោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ត្រូវគោរពវិន័យឱ្យបានល្អក្នុងការហ្វឹកហាត់ដើម្បីឱ្យមានកាយសម្បទារឹងមាំ រហ័សរហួន ព្រោះបេសកកម្មរបស់យើងស្ថិតក្នុងចំណុចក្ដៅ ក្នុងការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទាំងប្រទេស និងការបង្ក្រាបបទល្មើសផ្សេងៗដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួនផ្ទាល់ ដូចពាក្យមួយលើកឡើងថា៖ យើងសុខចិត្តបង្ហូរញើសនៅលើទីលានហ្វឹកហាត់ ដើម្បីបញ្ជៀសខ្លួនពីការបង្ហូរឈាមនៅសមរភូមិ។ ក្នុងពេលហ្វឹកហាត់ សូមចេះសាមគ្គីគ្នា ចេះស្រឡាញ់គ្នា ចេះមើលថែគ្នា និងចេះជួយគ្នាទៅវិញទៅមក និងសូមខិតខំប្រឹងប្រែង ក្នុងការរៀនសូត្រ នៅពេលដែលរៀនពូកែ មានសមត្ថភាពខ្ពស់ នោះមានឱកាសក្នុងការឆាប់បានទទួលបានការវាយតម្លៃពីអង្គភាព ក្នុងការដំឡើងឋានន្តរស័ក្តិ ឬសម្រេចតែងតាំងជាដើម សម្រាប់កងកម្លាំងដែលមានសមត្ថភាព។










