រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រតិភូខេត្តកណ្តាល អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក សឿង ប៉ី បម្រើការនៅកងអន្តរាគមន៍លេខ ៣២៤ ឈរជើងនៅខ្សែត្រៀមជួរមុខប្រាសាទ ព្រះវិហារ ត្រង់ចំណុចទ្វារដែក ដែលបានទទួល មរណភាព ដោយគ្រោះថ្នាក់ ចរាចរណ៍ពេលចុះមកយកស្បៀង

++++++++++++++++++++++ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ប្រតិភូខេត្តកណ្តាល ដឹកនាំដោយឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល អញ្ជើញ គោរពវិញ្ញាណក្ខន្ធសព លោក សឿង ប៉ី បម្រើការនៅកងអន្តរាគមន៍លេខ ៣២៤ ឈរជើងនៅខ្សែត្រៀមជួរមុខប្រាសាទ ព្រះវិហារ ត្រង់ចំណុចទ្វារដែក ដែលបានទទួល មរណភាពកាលពីថ្ងៃព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹង ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០៥,០០នាទីទៀបភ្លឺ ដោយគ្រោះថ្នាក់ ចរាចរណ៍ពេលដែលលោកបានចុះមកយកស្បៀង។ ពិធីបណ្យបានប្រារពធ្វើនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ស្ថិតក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំ ប្រតិភូទាំងអស់ សូមចូលរួមរំលែកទុក្ខជាមួយ លោកស្រី ព្រមទាំងក្រុមគ្រួសារ និងសូមសម្តែងនូវសេចក្តីសង្វេគសោកស្តាយស្ទើររកទីបំផុតគ្មាន ចំពោះការបាត់បង់ លោក សឿង ប៉ី ដែលមិនត្រឹមតែជាការបាត់បង់ប្អូនប្រុសជាទីស្រឡាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់នូវឥស្សរជន ស្នេហាជាតិដ៏ឆ្នើមមួយរូប ដែលតែងតែបានរួមចំណែកយ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូ ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ពីការឈ្លានពានរបស់ខ្មាំងសៀម។ វីរភាពដ៏អង់អាចក្លាហានរបស់ លោក នៅក្នុងសមរភូមិការពារជាតិ គឺជាគំរូដ៏ល្អឯកសម្រាប់យុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតែចងចាំនូវគុណូបការៈដ៏ ថ្លៃថ្លានេះ។ ក្នុងឱកាសនោះដែរប្រតិភូខេត្តកណ្តាល សូមចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យ និងសូមបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមមេត្តាជួយបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ លោក សឿង ប៉ី បានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង