++++++++++++++++ខេត្តកណ្ដាល៖ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា សហការជាមួយក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី " ភាពធន់សហគមន៏ និងជំងឺមិនឆ្លង" សម្រាប់មន្ត្រីសាខា-អនុសាខា ក្រុមកាកបាទក្រហមសង្កាត់តាខ្មៅ និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា សមាសភាពចូលរួមសរុបចំនួន ៦៩នាក់។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ មុំ ចន្ធី នាយិការងនាយកដ្ឋានសុខភាព និងជាលេខាក្រុមការងារឥស្សរជនធ្វើថ្នាក់ជាតិ និងលោកជំទាវ ស៊្រុន ស្រីនាង អភិបាលរងខេត្តកណ្តាល និងជាហេរញ្ញិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល។ក្នុងឱកាសនោះផងដែរ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល និងជាហេរញ្ញិកគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល មានប្រសាសន៍ថា៖ កម្មវិធីរអប់រំផ្សព្វផ្សាយស្តីពី “ភាពធន់សហគមន៍ និងជំងឺមិនឆ្លង” ដែលជាកម្មវិធីដ៏មាន សារសំខាន់បំផុត ផ្តោតលើការលើកកម្ពស់សុខភាពជូនដល់ ប្រជាពលរដ្ឋទូទៅ ពិសេសស្ត្រីជាមាតា ស្ត្រីដែលមានកូនតូច និងសុខភាពរបស់ស្ត្រីក្នុងវ័យបន្តពូជ។លោកជំទាវ បានបន្តទៀតថា ការងារអប់រំផ្សព្វផ្សាយនៅពេលនេះគឺជាការងារឥស្សរជនឆ្នើម ថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការ សហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារដែលមាន សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន វ៉ានី ហ៊ុនសែន ជាឥស្សរជនឆ្នើមដឹកនាំ ការងារនេះ។លោកជំទាវ ក៏បានណែនាំ និងផ្ដាំផ្ញើដល់សមាជិកសមាជិកាដែលមានវត្តមាននៅក្នុងកម្មវិធីអប់រំផ្សព្វផ្សាយនា ពេលនេះទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ខិតខំស្តាប់នូវខ្លឹមសារទាំងឡាយ ដែលក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នឹងធ្វើបទបង្ហាញ ដើម្បីបានសារៈប្រយោជន៍ទទួលបាននូវចំណេះដឹងថ្មីៗសម្រាប់យកទៅបន្តការ អប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទូទៅនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបាន ទូលំទូលាយនូវសារសុខភាពសំខាន់ៗ ដើម្បីជាប្រយោជន៍ ដល់ពលរដ្ឋគ្រប់រូបរបស់យើង ជាពិសេសស្រ្តីជាជមាតា ទារក និងកុមារនៅក្នុងខេត្ត៕









