ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានស្នើដល់អាជ្ញាធរក្រុង-ស្រុកទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាចគ្រោះថ្នាក់រាចរណ៏ ត្រូវបន្តខិតខំដាក់ចេញនូវវិធានការនានាសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏ក្នុងមូលដ្ឋានខេត្តកណ្តាល ឱ្យមានការថយចុះជាលំដាប់ ពិសេសសូមបងប្អូនប្រជាពលរដ្ឋទាំងអស់គោរពច្បាប់ចរាចរណ៍ និងមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ សូមកុំខ្លាចតែប៉ូលីសចរាចរណ៍ ត្រូវខ្លាចការបាត់បង់ជីវិតវិញទើបជារឿងសំខាន់។ ដោយឡែកសម្រាប់យុវជន សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន សូមយុវជនជួយអប់រំណែនាំដល់មិត្តភក្កិ ជៀសឱ្យឆ្ងាយពីគ្រឿងញៀន ករណីចាំបាច់ត្រូវរាយការណ៍មកសមត្ថកិច្ចដើម្បីចាត់វិធានការបញ្ជូនមកដាក់មណ្ឌលបន្សាបគ្រឿងញៀន ជាពិសេសសូមរួមគ្នាប្រើប្រាស់ App Nodrug ដើម្បីរាយការណ៍កាន់សមត្ថកិច្ចដោយរក្សាការសំងាត់ ដើម្បីបង្ក្រាប និងលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន។ឯកឧត្តមអភិបាលខេត្ត បានស្នើឡើងដូច្នេះ ក្នុងឱកាសដែល ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាគណៈអធិបតី ក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លី ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២០,៦១៥ប័ណ្ណ ជូនប្រជាពលរដ្ឋចំនួន ២៣ភូមិ ក្នុងឃុំទួលព្រេជ ស្រុកអង្គស្នួល នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅក្នុងបរិវេណវត្តឱង្ការ ស្ថិតនៅក្នុងភូមិថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល។





