រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

“សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល

លោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា៖ មន្ត្រីរាជការជាស្ត្រី គឺពួកគាត់មានបន្ទុកគ្រួសារច្រើនជាងបុរស ដោយត្រូវធ្វើជាភរិយាគំរូផង ជាមាតាគំរូផង ដូចទស្សនមួយថា“ស្ត្រីជាវិចិត្រករ មាតាដៃមួយរយ” ដោយម្ខាងត្រូវធ្វើកិច្ចការផ្ទះដែលត្រូវរ៉ាប់រងការងាររាប់រយជំពូក ម្ខាងមើលថែរក្សាគ្រួសារ ដែលបន្ទុកការងារទាំងនេះពុំមានប្រាក់កម្រៃនោះឡើយ រីឯម្ខាងទៀតត្រូវបំពេញកិច្ចការងារឱ្យមានប្រសិទ្ធិភាព និងភាពជាគំរូសម្រាប់អង្គភាពផងដែរ។លោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍បែបនេះ ក្នុងឱកាសលោកជំទាវ អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបទី១១៥ ទិវាអន្តរជាតិនារី៨មីនា ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។លោកជំទាវ លីម មុយឡេង បន្តថា៖ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ ជាពិសេសដើម្បីធានាបាននូវ “សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសា” ដូចក្នុងប្រធានបទនៃ ទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២៦នេះ គឺយើងត្រូវរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ដោយឈរលើទស្សនៈ “បុរសធ្វើបាន ស្ត្រីក៏អាចធ្វើបាន”។ ចំពោះពាក្យថា “ស្ត្រីក៏អាចធ្វើបាន”នេះ មិនមែននៅសុខៗ គេដាក់លើជើងពានឱ្យនោះទេ ច្បាស់ណាស់ គឺស្ត្រីខ្លួនឯងត្រូវបង្កើនភាពអង់អាចក្លាហានត្រូវបង្កើនសមត្ថភាព បង្កើនចំណេះដឹង បង្កើនចំណេះធ្វើ រួមទាំង បង្កើតជំនាញច្បាស់លាស់ ដើម្បីបង្ហាញពីសក្តានុពលរបស់ខ្លួនក្នុងការអភិវឌ្ឍ ជាពិសេសក្នុងបរិបទយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា ក្នុងយុគសម័យបច្ចេកវិទ្យា ឌីជីថល ដ៏ជឿន លឿននាពេលបច្ចុប្បន្ន និងទៅអនាគត។លោកជំទាវរដ្ឋលេខាធិការ បន្ថែមថា៖ ដើម្បីចាប់យកឱកាសឱ្យបាន មានតែស្ត្រីខ្លួនឯងទេ ត្រូវបង្ហាញភាពខ្លាំង ភាពក្លាហាន ត្រូវមាន ទំនុកចិត្តលើខ្លួនឯង ត្រូវជំនះរាល់បញ្ហាដោយគ្មានការញញើត ត្រូវតែមានការតាំងចិត្តខ្ពស់ក្នុងការបង្ហាញពី សមត្ថភាពរបស់ខ្លួន គឺបង្ហាញតាមរយៈស្មារតីនៃការខិតខំ ឧស្សាព្យាយាម ជំនះរាល់បញ្ហាប្រឈមទាំងឡាយ ដើម្បីសម្រេចអ្វីៗទាំងអស់ដែលយើងចង់បាន ដូចជា៖ អ្នកវិទ្យាសាស្ត្រ ជាវិស្វករ ជាសាស្ត្រាចារ្យ ជាអ្នកការទូត ឬជាអ្នកដឹកនាំទាំងនៅក្នុងវិស័យសាធារណៈ និងវិស័យនយោបាយ ឯកជន ឬសហគមន៍ ជាដើម។លោកជំទាវ បន្ថែមទៀតថា៖ សន្តិភាព និងសន្តិសុខ គឺជាមូលដ្ឋានគ្រឹះនៃសុខុមាលភាពរបស់ស្ត្រី និងក្រុមគ្រួសារ ដែលផ្តល់នូវបរិយាកាស អំណោយផលអាចឱ្យពួកគេរស់នៅប្រកបដោយសុវត្ថិភាព គ្មានអំពើហិង្សា គ្មានការភ័យខ្លាច ការពារស្ត្រី និងក្មេងស្រីពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការពារសិទ្ធិស្ត្រី និងក្មេងស្រី និងផ្តល់នូវកាលានុវត្តភាព ពេញលេញសម្រាប់ស្ត្រី ក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្ត កសាង និងថែរក្សាសន្តិភាព និងសន្តិសុខ ទាំងបែបប្រពៃណី និងមិនប្រពៃណី ដែលទាំងនេះ នឹងរួមចំណែកពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ លើកកម្ពស់សុខុមាលភាព និងវិបុលភាពគ្រួសារនិងសង្គម។

អត្ថបទទាក់ទង