++++++++++++++ខេត្តកណ្ដាល រសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ លោកអៀង ប៊ុនហាក់ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៏ខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការជំរុញការប្រើប្រាស់ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត(AI) ជូនដល់មន្ត្រីរាជការរបស់រដ្ឋបាលខេត្ត មន្ទីរ និងអង្គភាពនានាជុំវិញ ខេត្តកណ្តាល នៅមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៏ខេត្តកណ្ដាល។លោក អៀង ប៊ុនហាក់ ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកណ្ដាល បានអោយដឹងថា វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងតាមគំនិតផ្តួចផ្តើមនិងការ គាំទ្ររបស់ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ និងតាមការចង្អុលបង្ហាញរបស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណអភិបាលខេត្តកណ្ដាល ក្នុងគោលបំណងពង្រឹងការយល់ដឹងជាមូលដ្ឋានអំពី បញ្ញាសិប្បនិម្មិត ជូនដល់មន្ត្រីរាជការ ហើយរាជរដ្ឋាភិបាលក្នុងអាណត្តថ្មីនេះ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមាន គន្លឹះអត្ថិភាពទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេស បច្ចេកវិទ្យាឌីជីថល ដែលមានសរសរស្គម៣សំខាន់ គឺរដ្ឋាភិបាលឌីជី ថល ធុរកិច្ចឌីជីថល និងពលរដ្ឋឌីជីថល សម្រាប់ទ្រទ្រង់បដិវត្តន៍ ឧស្សាហកម្ម៤.០ ដែលសំដៅលើ Cloud និងAI ទាំងនេះគឺជាតម្រូវការ ដែលមនុស្សលោកត្រូវការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះដើម្បីជួយការងារ នៅគ្រប់ស្ថប័ន ចំណេញពេលវេលា ថវិកា សុវត្ថិភាព និងទំនុកចិត្ត។លោកប្រធានមន្ទីរបានបន្តទៀតថា បច្ចុប្បន្ន បច្ចេកវិទ្យានៅលើសកលលោក មានការរីកចំរើនយ៉ាងឆាប់រហ័សពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសនៅតាមបណ្តារប្រទេសជឿនលឿន ដូច្នេះតម្រូវអោយយើងទាំងអស់គ្នាត្រូវតែមានការរៀនសូត្រជាប្រចាំ ដើម្បីបានយល់ដឹងអំពីអ្វីៗដែលកើតឡើងថ្មីៗជាបន្តបន្ទាប់ទើបយើងអាចជាសផុតពី ហានិភ័យផ្សេៗបាន ហើយក៏សូមថ្លែងអំណរគុណចំពោះឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដែល តែងតែយកចិត្តទុកដាក់ជាពិសេស ក្នុងវគ្គបណ្តុះបណ្តាលធនធានមនុស្ស និងបានផ្តួចផ្តើមឱ្យមន្ទីរបង្កើតកម្មវិធីវគ្គបណ្តុះ Ai នេះឡើង គឺសម្រាប់អភិវឌ្ឍន៍សមត្ថភាព ចំណេះដឹងដើម្បីយកទៅបំពេញការងារឱ្យបានល្អ ស្របតាមនិន្នាការ នៃការរីកចម្រើននៃសម័យកាលបច្ចុប្បន្ន។លោកប្រធានមន្ទីរ ក៏បានសំណូមពរដល់សិក្ខាកាមទាំងអស់ ពេលត្រលប់ទៅអង្គភាពវិញ ត្រូវយកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលពេលនេះ យកទៅប្រើប្រាស់ជាប្រយោជន៍ដល់អង្គភាព ព្រមទាំងចែករំលែកដល់បុគ្គលិក ដែលនៅជុំវិញខ្លួនឲ្យបានដឹងផង ព្រោះថាធនធានចំណេះវិជ្ជា វាខុសពីធនធានទ្រព្យសម្បត្តិផ្សេងទៀត ដែលកាន់តែប្រើកាន់តែអស់ រីឯចំណេះវិជ្ជាកាន់តែប្រើ កាន់តែរីកចម្រើន។








