ខេត្តកណ្ដាល៖ នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តកណ្ដាល អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ អូន ត្រូវជាលោកយាយក្មេករបស់ ឯកឧត្តម គីម សុភៈ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកខុទ្ទកាល័យ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យា អូន ព័ន្ធមុន្នីរ័ត្ន បានទទួលមរណភាពកាលពីថ្ងៃអង្គារ ១៥កើត ខែផល្គុន ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ២:៣៥នាទីទៀបភ្លឺ ក្នុងជន្មាយុ ៩៧ឆ្នាំ ដោយជរាពាធ។ ស្ថិតក្នុងពិធីដ៏ក្រៀមក្រំនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលរងខេត្ត ព្រមទាំងគណៈប្រតិភូខេត្តកណ្តាល បានអញ្ជើញ អុជធូប ស្មិងស្មាធិ៍ គោរពឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព និងសម្តែងនូវការស្រណោះ អាឡោះអាល័យ ជាទីបំផុតជាមួយ ឯកឧត្តម គីម សុភៈ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ដ៏ធំធេងនូវលោកយាយបង្កើត លោកយាយក្មេក ជាទីគោរពស្រឡាញ់ និងប្រកបដោយព្រហ្មវិហារធម៌ ដែលបានបូជាកម្លាំងកាយ ចិត្ត ក្នុងវិស័យព្រះពុទ្ធសាសនា និងបានបីបាច់ ថែរក្សាការពារ អប់រំទូន្មាន កូនៗ ចៅៗ ចៅទួត និងក្រុមគ្រួសារ។ អំពើជាកុសល កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ យស់ អូន នឹងស្ថិតស្ថេរក្នុង សន្តានចិត្តកូនៗ ចៅៗ ចៅទួត និងញាតិមិត្តជិតឆ្ងាយទាំងអស់ជារៀងរហូតតទៅ។ ឯកឧត្តមទាំងពីរ និងគណៈប្រតិភូរដ្ឋបាលខេត្ត សូមចូលរួម រំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយ ឯកឧត្តម គីម សុភៈ និងលោកជំទាវ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ យស់ អូន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។







