រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វគ្គបណ្ដុះបណ្ដាល ស្ដីពីវិធីសាស្រ្ត និងនីតិវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង មេឃុំ ក្នុងស្រុកចំនួន៤ នៃខេត្តកណ្តាល រយៈពេល ៣ថ្ងៃត្រូវបានបិទបញ្ចប់ដោយជោគជ័យ

+++++++++++++++ខេត្តកណ្តាល៖ វគ្គបណ្ដុះបណ្ដាល ស្ដីពីវិធីសាស្រ្ត និងនីតិវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ច និងមេឃុំ ក្នុងស្រុកចំនួន៤ នៃខេត្តកណ្តាល រួមមាន៖ ស្រុកកៀនស្វាយ ស្រុកល្វាឯម ស្រុកខ្សាច់កណ្តាល និងក្រុងអរិយក្សត្រ សរុបសិក្ខាកាមចំនួន ១១៦នាក់ រយៈពេល ៣ថ្ងៃ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ នៅសាលាខេត្តកណ្តាល ក្រោមអធិបតី ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល និងលោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក)។ថ្លែងក្នុងពិធីបិទវគ្គនេះ ឯកឧត្តម ប៊ុន ផេង បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះគឺជាលទ្ធផលកើតចេញពីការសហការគ្នាល្អរវាង រដ្ឋបាលខេត្ត និងអ.ជ.ក បន្ទាប់ពីរដ្ឋបាលខេត្តកណ្តាល បានចុះអនុស្សរណៈ នៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការក្នុង ការសម្រុះសម្រួលផ្សះផ្សាវិវាទ ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) កាលពី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេអ ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងគូភាគីសំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការ ដោះស្រាយវិវាទតាមរយៈ ការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការនៅក្នុងមូលដ្ឋានខេត្តកណ្តាល។ រដ្ឋបាលខេត្តកណ្តាល គឺ ខេត្តគោលដៅមុនគេបង្អស់ ដែលបានចុះអនុស្សារណៈយោគយល់គ្នា និងក៏ជាខេត្ត ដែលពោរពេញទៅដោយស្ថានភាព នៃការផ្តល់សេវាខ្ពស់ ហើយក៏មានបញ្ហាប្រឈមជាច្រើន ដែលរដ្ឋបាលខេត្តបានជួបប្រទះនាពេលកន្លង។ឯកឧត្តមអភិបាលរងខេត្ត ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងការកោតសរសើរដោយស្មោះចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងលោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក ដែលមានគំនិតផ្តួតផ្តើមក្នុងការឱ្យមានការរៀបចំសិក្ខាសាលានាពេលនេះ ដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រីទទួលបន្ទុកការងារដោះស្រាយវិវាទនៅមូលដ្ឋានខេត្តកណ្តាល។ឯកឧត្តមអភិបាលរងខេត្ត បានបន្ថែមថា ឆ្លងតាមការបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃនេះ សិក្ខាកាមទាំងអស់បានទទួលនូវការបណ្តុះបណ្តាលដោយផ្ទាល់ពី លោកជំទាវ ជា វាសនា និងលោកគ្រូ អ្នកគ្រូ ដែលមន្ត្រីសម្របសម្រួលវិវាទ នៃអ.ដ.ក លើប្រធានបទចំនួន ៦ រួមមាន៖ ១. ការដោះស្រាយវិវាទក្នុងក្របខណ្ឌ អ.ដ.ក ២. សិល្បៈ និងចិត្តសាស្ត្រដោះស្រាយវិវាទ ៣. ប្រភេទវិវាទ និងវិធីសាស្ត្រវិភាគវិវាទ ៤. នីតិវិធីនៃការដោះស្រាយវិវាទ ដំណាក់កាលត្រៀមមុនការសម្រុះសម្រួលវិវាទ ៥. ដំណើការសម្រុះសម្រួលវិវាទ ៦. ជីវិតពិត និងបទពិសោធន៍ដោះស្រាយវិវាទដោយក្នុងនោះ សិក្ខាកាមទាំងអស់ បានបង្កើតក្រុមពិភាក្សាលើករណីសិក្សាផ្សេងៗ និងបានធ្វើការសម្រុះសម្រួលត្រាប់លើករណីសិក្សានីមួយៗផងដែរ ក្រោយទទួលការបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់នឹងមានចំណេះដឹងកាន់តែងរឹងមាំ និងស៊ីជម្រៅ ទៅលើវិធីសាស្ត្រ និងនីតិវិធី នៃការសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីយកទៅអនុវត្តនៅក្នុងការសម្រុះសម្រួលវិវាទនានានៅមូលដ្ឋាន តាមក្រុមការងាររៀងៗខ្លួន។នាឱកាសនោះដែរ លោកជំទាវ ជា វាសនា បានមានប្រសាសន៍ថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយុទ្ធសាស្រ្តមួយក្នុងចំណោមយុទ្ធសាស្រ្តកំណែទម្រង់យុត្តិធម៌ និងតុលាការ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញក្នុងគោលបំណង ដើម្បីពង្រឹងវិធីសាស្រ្តផ្សេងៗ សម្រាប់ការដោះស្រាយវិវាទ នៅថ្នាក់ឃុំ/សង្កាត់ ស្រុក/ខណ្ឌ ខេត្ត/ក្រុង រហូតដល់ថ្នាក់ជាតិ។ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយន្តការ ឬវិធីសាស្ត្រ ក្នុងការដោះស្រាយវិវាទ ដែលគូភាគីនៃវិវាទ អាចធ្វើការជ្រើសរើសការដោះស្រាយវិវាទរបស់ខ្លួន ក្រៅប្រព័ន្ធតុលាការ។លោកជំទាវ បានសង្ឃឹមយ៉ាងមុតមាំថា ក្រោយពីបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងអស់នឹងយល់ច្បាស់ពីនីតិវិធីនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរួមគ្នាដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់។

អត្ថបទទាក់ទង